跳至正文
西哈努克省电视台 · 官方网站
登录

មួយម៉ឺនរៀលរបស់អ្នក អាចជួយសង្គ្រោះជីវិតកុមារកម្ពុជា បានរាប់ពាន់នាក់ បន្តជំរុញយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦

KPS99TV历史原文 · 暂无当前语言译文

មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំស្ដង់ទទួលថវិកាបរិច្ចាគរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៧ និងទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅសួនរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

លោក ឃាន តួក បានឲ្យដឹងថា ការរៀបចំស្ដង់នៅផ្លូវថ្មើរជើងចតុមុខ មានគោលបំណងកៀរគរថវិកាពីសប្បុរសជន ដើម្បីរួមចំណែករក្សានិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

យុទ្ធនាការនេះ ស្ថិតក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។ បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ឬប្រមាណ ៤៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ផ្តល់សេវាព្យាបាលកុមារដោយឥតគិតថ្លៃ។

គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានទទួលការចូលរួមពីសប្បុរសជនជាង ២៨ម៉ឺននាក់ និងប្រមូលថវិកាបានប្រមាណ ៦លាន ១០ម៉ឺនដុល្លារអាមេរិក។ ការចូលរួមរបស់ប្រជាពលរដ្ឋ ទោះច្រើនឬតិច សុទ្ធតែមានតម្លៃក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខភាពកុមារកម្ពុជា។

ប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគនៅស្ដង់មូលនិធិគន្ធបុប្ផា បានលើកឡើងដូចគ្នាថា ការរួមចំណែកជួយមូលនិធិនេះ គឺជាការចូលរួមផ្តល់ឱកាសឲ្យកុមារក្រីក្រ និងកុមារដែលមានជំងឺ ទទួលបានការព្យាបាល និងឱសថប្រកបដោយគុណភាព។

ជាចុងក្រោយ លោក ឃាន តួក បានអំពាវនាវឲ្យសប្បុរសជនបន្តចូលរួមបរិច្ចាគជាបន្តទៀត ព្រោះមន្ទីរពេទ្យគន្ធបុប្ផាដំណើរការជារៀងរាល់ថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ហើយការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកម្លាំងដ៏សំខាន់ក្នុងការរក្សាការព្យាបាលកុមារកម្ពុជាឱ្យបន្តទៅមុខ៕ ❤️

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…