(ភ្នំពេញ) ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់យ៉ាងច្បាស់ពីគោលការណ៍ទប់ស្កាត់សំណល់អេឡិចត្រូនិក ដើម្បីថែរក្សាសុខុមាលភាពប្រជាពលរដ្ឋ និងបរិស្ថានធម្មជាតិនៅកម្ពុជា។ កម្ពុជារក្សាជំហរយ៉ាងតឹងរ៉ឹងក្នុងការហាមប្រាមការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ពីបរទេស ដើម្បីទប់ស្កាត់មិនឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងចាក់ចោលសំរាមបច្ចេកវិទ្យា។
គ្រឿងអេឡិចត្រូនិកចាស់ៗដូចជា ទូរស័ព្ទ កុំព្យូទ័រ និងថ្ម មានផ្ទុកសារធាតុគីមីដែលអាចជ្រាបចូលយ៉ាងជ្រៅទៅក្នុងដី ប្រភពទឹក និងបរិយាកាស។ ការបំពុលនេះបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ហើយការស្តារបរិស្ថានឡើងវិញគឺត្រូវចំណាយថវិកាខ្ពស់ខ្លាំង ឬពេលខ្លះមិនអាចស្រោចស្រង់បានទាល់តែសោះ។
បរិមាណសំណល់អេឡិចត្រូនិកដែលទាញយកទៅកែច្នៃដើម្បីចំណេញសេដ្ឋកិច្ចមានកម្រិតទាបបំផុត (ត្រឹមតែ ៩%) ខណៈដែលបរិមាណសេសសល់ដ៏ច្រើនសន្ធឹកសន្ធាប់ទាមទារនូវបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ និងការចំណាយច្រើនដើម្បីកម្ទេចចោលឱ្យស្របតាមស្តង់ដារបរិស្ថាន។
ស្របពេលដែលការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យារបស់ប្រជាពលរដ្ឋកាន់តែកើនឡើង ក្រសួងក៏កំពុងរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីបង្កើតប្រព័ន្ធប្រមូល និងកែច្នៃសំណល់អេឡិចត្រូនិកក្នុងស្រុកឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ការទប់ស្កាត់បញ្ហាពីប្រភពដើម គឺជាវិធានការដែលមានប្រសិទ្ធភាពបំផុតរបស់ក្រសួងបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ និងធានាបាននូវបរិស្ថានស្អាតសម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ ៖ ឡាយ កុល





