បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ត្រឹមរយៈពេល ៥ខែដើមឆ្នាំ២០២៦ វិស័យការងារនិងការវិនិយោគនៅកម្ពុជាកំពុងបង្ហាញសញ្ញាណយ៉ាងវិជ្ជមាន ដែលជាលទ្ធផលនៃបរិយាកាសអំណោយផល និងគោលនយោបាយកែទម្រង់ដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលអាណត្តិទី៧។
កម្ពុជាទទួលបានរោងចក្រ និងសហគ្រាសថ្មីចំនួន ៦៥០ បន្ថែមទៀត ដែលរុញច្រានតួលេខសរុបទូទាំងប្រទេសឱ្យកើនដល់ជាង ៤ម៉ឺន ៧ពាន់កន្លែង។
កំណើននេះបានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋសរុបជិត ២,៣ លាននាក់ (ដែលក្នុងនោះកម្លាំងពលកម្មជាស្ត្រីមានជាង ១,៣ លាននាក់)។
ការជំរុញសេដ្ឋកិច្ច និងទំនុកចិត្ត៖ ការកើនឡើងជាបន្តបន្ទាប់នូវរោងចក្រថ្មីៗ មិនត្រឹមតែជួយស្រូបយកកម្លាំងពលកម្មប៉ុណ្ណោះទេ តែថែមទាំងជំរុញឱ្យទំហំនៃការបញ្ជាទិញ និងការនាំចេញកើនឡើងផងដែរ។ កត្តានេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងជួយពង្រឹងទំនុកចិត្តដល់វិនិយោគិនទាំងចាស់និងថ្មីឱ្យបន្តបណ្តាក់ទុនបន្ថែមទៀត៕
ដោយ ៖ ឡាយ កុល



