ខេត្តព្រះសីហនុ៖ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យមន្ត្រីជំនាញចុះអន្តរាគមន៍បន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម បន្ទាប់ពីរកឃើញករណីវិជ្ជមាននៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ។
ក្រុមការងារមន្ត្រីជំនាញនៃកម្មវិធីគ្រុនឈាម បានអនុវត្តវិធានការជាបន្ទាន់ រួមមានការអង្កេត និងស្រាវជ្រាវប្រភពចម្លងជំងឺ រុករកប្រភពដង្កូវទឹក និងមូសខ្លា ព្រមទាំងដាក់ថ្នាំអាប៊ែត (Abate) ក្នុងពាងទឹក និងអាងស្តុកទឹកតាមលំនៅឋានប្រជាពលរដ្ឋ ដើម្បីកម្ចាត់ដង្កូវទឹកមិនឱ្យវិវត្តទៅជាមូសពេញវ័យនិងបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ មន្ត្រីសុខាភិបាលក៏បានចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋ អំពីវិធានការការពារ និងការបង្ការជំងឺគ្រុនឈាម ដោយជំរុញឱ្យមានការចូលរួមសម្អាតបរិស្ថាន និងលុបបំបាត់ប្រភពទឹកដក់នៅក្នុង និងជុំវិញផ្ទះជាប្រចាំ។
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងការអនុវត្តវិធានការ «កម្ចាត់ជម្រកមូសខ្លា» ដើម្បីការពារសុខភាពក្រុមគ្រួសារ និងសហគមន៍ពីការឆ្លងជំងឺគ្រុនឈាម។
មន្ទីរសុខាភិបាលខេត្ត នឹងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ និងត្រៀមឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋផងដែរ៕
ដោយ៖ ប៉ៃ សុឃីម











