跳至正文
西哈努克省电视台 · 官方网站
登录

សមត្ថកិច្ចដកហូតថ្នាំពេទ្យគ្មានច្បាប់អនុញ្ញាត៤៥កេសមាន១២០ប្រភេទស្មើនឹង២៣៤០០ប្រអប់ដឹកតាមរថយន្ត១គ្រឿង!

KPS99TV历史原文 · 暂无当前语言译文

ថ្នាំពេទ្យសរុបចំនួន ៤៥កេសធំមានចំនួន ១២០ប្រភេទ ស្មើនឹង ២៣៤០០ប្រអប់ពុំបានចុះបញ្ជីការត្រឹមត្រូវនិងគ្មានច្បាប់អនុញ្ញាត ត្រូវបានដកហូតដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្ត នៅពេលឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 នៅលើផ្លូវជាតិលេខ6A ចន្លោះគីឡូម៉ែត្រ២៣ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រតិបត្តិការឃាត់រថយន្តខាងលើ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញដឹកនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យនិយ័តកម្ម បានឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើបានម្នាក់ ឈ្មោះ ភាព ស្រី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ក្រោយការពិនិត្យពីការិយាល័យជំនាញនិយ័តកម្មសុខាភិបាលរួចមកឃើញថា ថ្នាំពេទ្យសរុបចំនួន៤៥កេសធំ ដែលមានចំនួន ១២០ប្រភេទ ត្រូវនឹង ២៣៤០០ប្រអប់ ពុំមានច្បាប់និងចុះបញ្ជីការត្រឹមត្រូវឡើយ។ ក្រោយមកថ្នាំពេទ្យខាងលើ ត្រូវបានយកមករក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…