跳至正文
西哈努克省电视台 · 官方网站
登录

ភ្ញាក់ផ្អើល! មន្ត្រី ក.ប.ប រកឃើញសាច់បង្កក ៤៨គំរូ មានហានិភ័យប៉ះពាល់សុខភាព ក្រោយការត្រួតពិនិត្យទូទាំងប្រទេស

KPS99TV历史原文 · 暂无当前语言译文

ក្រោយបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យ និងបង្ក្រាបការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ជាពិសេសសាច់បង្កកនាំចូលពីក្រៅប្រទេស អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ចប់ការវិភាគសំណាកសាច់បង្កកជាផ្លូវការ និងរកឃើញថា មានសំណាកចំនួន ៤៨គំរូ មិនអនុលោមតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។

យោងតាមរបាយការណ៍របស់ ក.ប.ប ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងស្តុក និងអាជីវកម្មពាក់ព័ន្ធជាង ១១០ទីតាំង នៅទូទាំងប្រទេស និងបានប្រមូលសំណាកសាច់បង្កកសរុបចំនួន ១៦០គំរូ ដើម្បីបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍។

ជាលទ្ធផល បានរកឃើញថា សំណាកចំនួន ៤៨គំរូ មានបញ្ហាមិនអនុលោមតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដោយមានវត្តមានបាក់តេរីលើសកម្រិតអនុញ្ញាត រួមមាន៖
• បាក់តេរីសរុប (Total Plate Count) ដែលជាសូចនាករសំខាន់សម្រាប់វាយតម្លៃកម្រិតអនាម័យក្នុងដំណើរការផលិត និងការរក្សាទុកផលិតផល។
• បាក់តេរី Coagulase-Positive Staphylococci ដែលជាបាក់តេរីអាចបង្កឱ្យកើតជំងឺពុលអាហារ និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ក.ប.ប បានបញ្ជាក់ថា កត្តាដែលអាចបណ្តាលឱ្យមានបាក់តេរីលើសកម្រិតអនុញ្ញាតទាំងនេះ រួមមានវត្តមានបាក់តេរីនៅក្នុងវត្ថុធាតុដើមតាំងពីដំបូង ការកែច្នៃ និងការរៀបចំម្ហូបអាហារមិនមានអនាម័យល្អ ការចម្លងមេរោគពីមនុស្ស ឬបរិស្ថាន ព្រមទាំងការគ្រប់គ្រងសីតុណ្ហភាពមិនបានត្រឹមត្រូវក្នុងអំឡុងពេលផលិត និងការរក្សាទុកផលិតផល។

ចំពោះសំណាកដែលត្រូវបានរកឃើញថាមានបញ្ហា គឺបានមកពីទីតាំងមួយចំនួននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ក្នុងនោះរួមមាន៖
•  សំណាកចំនួន ៩គំរូ ពីសិប្បកម្មប្រហិតសាច់គោ គុយ ស្រ៊ុយ CSPB (Cambodia) ស្ថិតក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ។
•  សំណាកចំនួន ១៦គំរូ ពីឃ្លាំងស្តុក និងចែកចាយប្រហិតគ្រប់ប្រភេទ FWI Corporation Cambodia Co., Ltd ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ រាជធានីភ្នំពេញ។
•  សំណាកចំនួន ២២គំរូ ពីទីតាំងមួយចំនួនក្នុងឃុំឫស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ព្រមទាំងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
•  និងសំណាកចំនួន ១គំរូទៀត ពីផ្សារធំថ្មី ខេត្តពោធិ៍សាត់។
ការរកឃើញនេះ គឺជាសារព្រមានដល់អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់លើស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពផលិតផលនៅលើទីផ្សារកម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…