កម្ពុជារកចំណូលបានជាង ៣៦៧លានដុល្លារពីការនាំចេញអង្ករចំនួន ៦៣០ ៣១៩តោនទៅកាន់ទីផ្សារអន្តរជាតិដែលមានចំនួន៦៤គោលដៅ ក្នុងរយៈពេល៦ខែឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
តាមរបាយការណ៍ដដែល បានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជា បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ ទៅកាន់គោលដៅចំនួន៦៤ ក្នុងនោះទៅបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២ បានបរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសចិន ហុងកុង និងម៉ាកាវមានចំនួន ១៧០ ៤៨៣ តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីនេះ បាននាំចេញទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ ប្រទេស មានបរិមាណចំនួន ២២៨ ៧៨០ តោន គិតជាទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០ លានដុល្លារសហរដ្ឋអាមេរិក។
ចំណែក ប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% អង្ករចំហុយ ១.៨២% អង្ករសរីរាង្គចំនួន ១.២៤% អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥% និងអង្ករផ្សេងៗចំនួន ០.២%។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ៖ ង៉ែត ពិសាន្ត




