跳至正文
西哈努克省电视台 · 官方网站
登录

ព្រំដែនកម្ពុជា-ថៃកំពុងផ្ទុះអាវុធ៖ សម្តេចធិបតីថាអាជ្ញាធរនិងកងកម្លាំងកំពុងធ្វើការដោយភាពក្លាហានការពារទឹកដី និងជួយពលរដ្ឋរងផលប៉ះពាល់

历史原文 · 暂无当前语言译文

សម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។ 

ការបញ្ជាក់ដូច្នេះរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីកងទ័ពកម្ពុជាបានប្រើសិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងការឈ្លានពានរបស់កងទ័ពថៃដែលបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា «នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី»។ 

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។ 

សម្តេចធិបតី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…