ទាហានថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅតាមតំបន់ព្រំដែនរួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ បើតាមក្រសួងការបរទេសកម្ពុជាចាត់ទុកថាជាការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា៖ «ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមួលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ»។
រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្ត ទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួល ស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារ អធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរប្រជាជនខ្លួន។
សូមជម្រាបថា កម្ពុជា តាមរយៈក្រសួងការពារជាតិ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត









