ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះបង្កឱ្យមានទឹកហូរខ្លាំងធ្លាក់ពីលើភ្នំខ្នងផ្សារ ដែលបណ្តាលឱ្យអ្នកទេសចរជាង៥០០នាក់ជាប់គាំងនៅលើភ្នំ។ ប៉ុន្តែយ៉ាងណា អ្នកទេសចរទាំងនេះ ត្រូវបានអាជ្ញាធរជួយអន្តរាគមន៍ឱ្យចាកចេញអស់ហើយ គិតមកត្រឹមម៉ោង ៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ចេញនៅថ្ងៃទី១៣ ខែកក្កដានេះ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្អាក់ដំណើរអ្នកទេសចរជាច្រើនមិនអាចចាកចេញពីតំបន់ទេសចរណ៍លើភ្នំខ្នងផ្សារបាននោះឡើយ។ តាមរបាយការណ៍ មានអ្នកទេសចរប្រមាណ ៥៥១នាក់បានជាប់នៅលើភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀង។
ជុំវិញនឹងករណីខាងលើ មន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយអន្តរាគមន៍នាំអ្នកទេសចរមកស្នាក់នៅទីតាំងលំហែបៃតងដំណាក់ដំរី ហើយបានរៀបចំស្បៀងអាហារផ្សេងៗជូនពួកគាត់ផងដែរ។ រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរទាំងអស់ត្រូវបានជម្លៀសចេញទីតាំងដំណាក់ដំរី មកដល់ទីសុវត្ថិភាពក្នុងភូមិតាំងបំពង់។ ក្រៅពីនេះ នៅមានឡានតូចចំនួន៤គ្រឿងជាប់នៅដំណាក់ទី១ និងមានភ្ញៀវនៅលើភ្នំខ្នងផ្សាចំនួន៣នាក់មិនទាន់ចុះ។ រីឯស្ថានភាពទឹកនៅតែបន្តឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំង។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវដល់អ្នកទេសចរទៅលេងតំបន់ភ្នំក្នុងរដូវវស្សាឱ្យមានការប្រុងប្រយ័តឱ្យបានខ្ពស់ ព្រោះរដូវវស្សានៅពេលមានភ្លៀងតាមតំបន់ភ្នំ និងជ្រោះ គឺមានទឹកហូរបុកខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ៖ ង៉ែត ពិសាន្ត








