跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុជា «តារារះនាទិសនិរតី» និងប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ ជាខេត្តឆ្នេរសមុទ្រដ៏មានសក្តានុពល ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានផ្ទៃដីសរុប ២.៦៥៨,៩០ គីឡូម៉ែត្រការ៉េ មានប្រជាជនប្រមាណ ៣១០.០០០នាក់ និងមានរដ្ឋបាល ៦ ក្រុង-ស្រុក។ រាជរដ្ឋាភិបាលបានកំណត់ខេត្តនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។ ក្នុងឆ្នាំ២០២៥ ខេត្តសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៥% និងមានផលិតផលក្នុងស្រុកសរុប (GDP) ជាង ១.៤០៧ ពាន់លានដុល្លារអាមេរិក។

ខេត្តព្រះសីហនុមានធនធានធម្មជាតិដ៏សម្បូរបែប រួមមានកោះចំនួន ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ ព្រៃកោងកាង ភ្នំ ទឹកជ្រោះ និងឧទ្យានជាតិលើគោក និងបាតសមុទ្រ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ដោយសារសក្តានុពលទាំងនេះ ខេត្តត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» និងជាស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

ជាមួយគ្នានេះ ខេត្តមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព រួមមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ ផ្លូវដែក ផ្លូវជាតិ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣ ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់វិស័យភស្តុភារ ពាណិជ្ជកម្ម និងការវិនិយោគ។

បន្ថែមពីនេះ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៧ បានទាក់ទាញគម្រោងវិនិយោគជាច្រើន និងរួមចំណែកបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស វិស័យឯកជន ជាពិសេសវិស័យបដិសណ្ឋារកិច្ច ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មសណ្ឋាគារ រីសត និងភោជនីយដ្ឋាន ទាំងលើដីគោក និងតាមបណ្តាកោះ ដោយផ្តោតលើស្តង់ដារ គុណភាព សុវត្ថិភាព និងបរិស្ថាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

លោក ចាន់ សុភា ប្រធានសមាគមសណ្ឋាគារកម្ពុជា សាខាខេត្តព្រះសីហនុ និងប្រជុំកោះ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការពង្រឹងគុណភាពសេវាបដិសណ្ឋារកិច្ច និងរួមចំណែកធ្វើឱ្យខេត្តព្រះសីហនុបន្តក្លាយជាគោលដៅទេសចរណ៍ និងការវិនិយោគដ៏ទាក់ទាញនៅកម្ពុជា ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…