跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តតាកែវមានអ្នកផ្ទុកមេរោគអេដស៍កើនឡើងខណៈអាជ្ញាធរទទូចឱ្យចូលរួមទប់ស្កាត់!

KPS99TV历史原文 · 暂无当前语言译文

ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ខេត្តតាកែវមានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២ ៩៧៤ ពោលគឺមានការកើនឡើងចំនួន១១៦នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ។ ជុំវិញនឹងបញ្ហានេះ មន្ត្រីសុខាភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាននិងដៃគូអង្គការជាតិ-អន្តរជាតិ វិស័យឯកជន រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យរួមសហការគ្នាបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។

ក្នុងកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច និងត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី២ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាអេដស៍ គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងថ្មីៗពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ពួកគាត់ចូលរួមដាស់ស្មារតីដល់ប្រជាពលរដ្ឋឱ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍។

ប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្តថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវស្វែងរកការគាំទ្របន្ថែម ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ក្នុងការចូលរួមជាវិភាគទាន សំដៅដល់ការទប់ស្កាត់ការរីករាលដាល និងលុបបំបាត់មេរោគអេដស៍ចេញឱ្យអស់ពីខេត្តតាកែវ និយាយដោយឡែក និងនិយាយជារួមលុបបំបាត់មេរោគអេដស៍ឱ្យអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។

ចំណែក លោកស្រី ឡុង ប៉ូណារេត អភិបាលរងខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន ជាពិសេសអ្នកដែលមានដៃគូច្រើន មិនត្រូវភ្លេចខ្លួនពីជំងឺអេដស៍នោះទេ ពោលគឺត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារជានិច្ច ដើម្បីកាត់បន្ថយអត្រាកើនឡើងនៃអ្នកឆ្លង និងអ្នកផ្ទុកមេរោគអេដស៍។ ការចូលរួមពីអ្នកទាំងអស់គ្នា គឺដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥,៩៥,៩៥ និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…