跳至正文
西哈努克省电视台 · 官方网站
登录

ផ្អាកដំណើរការរោងចក្រផលិតក្បឿង ចានបង្គន់ និងការ៉ូក្រោយបង្ហូរសំណល់រាវបំពុលបរិស្ថាន

KPS99TV历史原文 · 暂无当前语言译文

រោងចក្រផលិតផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ជារបស់ក្រុមហ៊ុន ROYAL CERA CO., LTD. ត្រូវបានមន្រ្តីនៃក្រសួងបរិស្ថាននិងអាជ្ញាធររកឃើញបញ្ចាញសំណល់រាវបំពុលបរិស្ថាន និងផ្អាកដំណើរការរោងចក្រដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពតជាបន្ទាន់។

បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រតិបត្តិការចុះត្រួតពិនិត្យការបំពុលបរិស្ថាននៅរោងចក្រនេះ ធ្វើឡើងចំនួន២ថ្ងៃពោលគឺពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន និងសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលឃុំព្រៃថ្នង និងអាជ្ញាធរមូលដ្ឋាន។

ក្នុងពេលប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញមានសំណល់រាវដក់នៅដីចម្ការស្វាយរបស់ប្រជាពលរដ្ឋ និងស្លាកស្នាមសំណល់រាវហូរចាក់ទៅជ្រលងអូរតាមដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ ខណៈដើមស្វាយជាច្រើនដើមរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់។ ចំណែក ក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនបានដំណើរការ ដោយគ្មានបំពាក់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្ហូរសំណល់រាវចូលដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ។

ក្រុមហ៊ុនបានទុកដាក់សំណល់ផេះបរិមាណ ១៨០គីឡូក្រាម/ថ្ងៃ មិនត្រឹមត្រូវដោយយកមកចាក់លុបរណ្ដៅទឹក ក្នុងបរិវេណដីក្រុមហ៊ុន និងមានសំណល់រាវចេញពីទីតាំងឡចំហាយ និងកន្លែងបាញ់ថ្នាំការ៉ូ ប្រមាណ ៣ម៉ែត្រគូប/ថ្ងៃ មានប្រេងលាយឡំ ត្រូវបានបង្ហូរ តាមបណ្ដោយប្រឡាយដីចូលស្រះស្ដុក និងបាចសាចលើដី ប្រមាណ២ហិកតា ក្នុងបរិវេណរោងចក្រ។ បន្ទាប់មកក្រុមការងារបានពិនិត្យឃើញថា សំណល់ធុងថ្នាំ ប្រហែល ២០ធុង/ថ្ងៃ ត្រូវបានដាក់គរនៅទីវាល។ លើសពីនេះក្រុមហ៊ុន បានដំណើរការដោយមិនទាន់ រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងរួចរាល់ និងពុំទាន់មានខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

កន្លងមកក្រុមហ៊ុនបានជួលឱ្យបុគ្គលឈ្មោះ លឹម ញន ដឹកសំណល់រាវចេញដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសំណល់ពីក្រសួងបរិស្ថាន និងបានយកសំណល់រាវទៅចាក់ចោលពាសវាលពាសកាល នៅតាមជើងភ្នំ បង្កឱ្យហូរចូលប្រភពទឹកសាធារណៈប៉ះពាល់គុណភាពទឹក និងជីវចម្រុះ និងមានក្លិនឈ្ងៀមយ៉ាងខ្លាំង។

ជាក់ស្តែងក្រុមការងារបានធ្វើតេស្តបឋម ឃើញថា pH=4.46 (ពុំអនុលោមតាមស្ដង់ដារកំណត់នោះទេ) និងបានយកសំណាកសំណល់រាវចំនួន១សំណាកមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។ ក្រៅពីនេះ ក្រុមការងារ ក៏បានរកឃើញមានស្លាកស្នាមហូរសំណល់រាវចាក់ចូលទៅអូរ ដែលស្ថិតនៅក្បែររណ្ដៅចាក់សំណល់រាវ ចម្ងាយប្រមាណ ៥០០ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុនដោយត្រូវផ្អាកដំណើរការក្រុមហ៊ុនជាបន្ទាន់ ហើយត្រូវបូមសំណល់រាវដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញឱ្យបានរួចរាល់មុនថ្ងៃទី១០ ថ្ងៃសីហា ឆ្នាំ២០២៦ ដោយមានការតាមដានពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ថែមទាំងត្រូវស្ដារប្រឡាយដែលក្រសួងធនធានទឹក និងឧតុនិយមបានជីកឱ្យវិលទៅរកសភាពដើមវិញ រួចត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ហើយត្រូវគ្រប់គ្រងសំណល់រឹង និងទុកដាក់ធ្យូងថ្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

បន្ថែមពីនេះ ក្រសួងបរិស្ថាន បានពិន័យអន្ដរការណ៍ចំពោះរោងចក្រខាងលើ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦, ១៦១ មាត្រា១៧៣ និងមាត្រា២៨៧ និង៦៦៨ អនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក ថែមទាំងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…