ក្នុងជំនួបជាមួយលោក ផ្លាវីយ៉ូ បូណែតទី (Mr. Flavio Bonetti) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាធ្វើរបាយការណ៍ទៅអង្គការយូណេស្កូពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ដើម្បីការពារប្រាសាទ និងដើម្បីឱ្យពិភពលោកបានឃើញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។
បើតាមឯកឧត្តម ឃួង ស្រេង នៅពេលសង្រ្គាមបានកើតឡើងដោយការឈ្លានពានរបស់កងទ័ពថៃ កងទ័ពថៃបានទំលាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទនៅតាមព្រំដែនដូចជា ប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម ហើយធ្វើឱ្យខ្ទេចខ្ទាំខ្លាំងជាងគេនោះ គឺប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។ ឯកឧត្តម ឃួង ស្រេង បានរៀបរាប់ទាំងស្រក់ទឹកភ្នែកសោកស្ដាយចំពោះការបំផ្លិចបំផ្លាញដោយការទំលាក់គ្រាប់ធ្វើឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័នានា ព្រមទាំងប្រាសាទខ្មែរ ដូចជាប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារជាដើម។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រាសាទព្រះវិហារមិនមែនត្រឹមជាសម្បត្តិបេតិកភណ្ឌសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។ ដូច្នេះជាសំណូមពររបស់រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាធ្វើរបាយការណ៍ទៅអង្គការយូណេស្កូពីការខ្ទេចខ្ទាំប្រាសាទព្រះវិហារ ដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា។ យើងគិតថាជាប្រវត្តិសាស្ត្រពីអតីតកាល កងទ័ពសៀមបានយកសត្វដំរីជាច្រើនមកទាញបំផ្លាញប្រាសាទព្រះវិហារ តែយើងមិនបានជឿទាំងស្រុងទេ ព្រោះយើងមិនបានឃើញដោយផ្ទាល់ តែជាក់ស្តែងគឺកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ប្រជាជនខ្មែរបានឃើញច្បាស់ពីអំពើអមនុស្សធម៌របស់កងទ័ពថៃ ដោយបានបំផ្លាញដោយផ្ទាល់លើប្រាសាទព្រះវិហារ។
បើតាមឯកឧត្តម ឃួង ស្រេង កម្ពុជាបានហែលឆ្លងសង្គ្រាមគ្រប់បែបយ៉ាងតែមិនធ្លាប់ឈឺចាប់ខ្លាំងដូចពេលដែលកងទ័ពថៃឈ្លានពានចូលដីកម្ពុជា និងបានបំផ្លាញសម្បតិ្តបេតិកភណ្ឌមនុស្សជាតិនោះទេ។
ជាការឆ្លើយតប លោក ផ្លាវីយ៉ូ បូណែតទី បានបញ្ជាក់ថា កាលពីខែមីនាកន្លងទៅនេះ លោកនិងក្រុមការងារបានចុះទៅដល់ប្រាសាទព្រះវិហារ ដោយបានឱ្យក្រុមការងារពិនិត្យ និងវាយតម្លៃផលប៉ះពាល់តួប្រាសាទ និងសិក្សាគម្រោងជួសជុលប្រាសាទព្រះវិហារឡើងវិញ ដើម្បីគៀងគរជំនួយសម្រាប់ការជួសជុលនេះ។
លោក បានបន្តថា «អង្គការយើងមិនត្រឹមគិតគូរតែការថែទាំ និងជួសជុលប្រាសាទឡើងវិញប៉ុណ្ណោះទេ តែអ្វីដែលសំខាន់មួយទៀតនោះ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋជាជនភៀសសឹក មានសុខភាពល្អ ការរស់នៅក្នុងជីវភាពសមរម្យ និងពិសេសបានឆាប់ត្រឡប់មកលំនៅដ្ឋានរបស់ពួកគាត់វិញ»។
លោក ផ្លាវីយ៉ូ បូណែតទី បានសង្កត់ធ្ងន់ថា អង្គការយូណេស្កូកំពុងបំពេញបេសកកម្មក្នុងក្របខណ្ឌច្បាប់អន្តរជាតិ នឹងបន្តការងារយ៉ាងសកម្មដើម្បីគាំទ្រកម្ពុជាក្នុងការថែរក្សាបេតិកភណ្ឌ ដោយរាជធានីភ្នំពេញក៏ដូចជាព្រះរាជាណាចក្រកម្ពុជា មានសម្បត្តិបេតិកភណ្ឌយ៉ាងសំបូរបែប ទៅតាមផែនការ និងកញ្ចប់ថវិការបស់ខ្លួនដែលមាន៕
ដោយ៖ ង៉ែត ពិសាន្ត














