跳至正文
西哈努克省电视台 · 官方网站
登录

Update៖ស្គាល់អត្តសញ្ញាណអ្នកស្លាប់ក្នុងករណីបង្ក្រាបគ្រឿងញៀននៅពោធិ៍សាត់ហើយខណៈអ្នកស្លាប់កើនដល់៦នាក់ដោយសារជនសង្ស័យបំផ្ទុះគ្រាប់បែក

KPS99TV历史原文 · 暂无当前语言译文

មនុស្សស្លាប់បានកើនដល់៦នាក់ហើយក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ។ ជនរងគ្រោះទាំង៦នាក់នេះ រួមមាន៖ ១. លោក សោម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោម, ២. លោក ជ្រន ប្រឹម ប្រជាការពារ, ៣. លោក សុខ អាន ប្រជាការពារ, ៤. លោក ចិន្តា ប្រជាការពារ, ៥. ឈ្មោះ អែម ដុំ ជនសង្ស័យ, ៦. លោក សូរ សុវណ្ណារិទ្ធ មន្ត្រីនគរបាលប៉ុស្តិ៍ និង៧. លោក វី វឿន ប្រជាការពារ (រងរបួសធ្ងន់)។

បើតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា សោកនាដកម្មដ៏រន្ធត់ បានផ្តើមចេញពីករណីហិង្សាក្នុងគ្រួសារមួយដែលបង្កឡើងប្តីប្រើប្រាស់គ្រឿងញៀននៅវេលាម៉ោងប្រមាណ ៥:០០នាទីល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលនោះ ស្ត្រីជាប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោម ដោយអះអាងថា ប្តីរបស់ខ្លួនឈ្មោះ អែម ដុំ បានប្រើអំពើហិង្សាវាយដំលើរូបនាង។

បន្ទាប់ពីទទួលបានព័ត៌មាន លោក សោម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោម បានដឹកនាំកម្លាំងនគរបាល និងប្រជាការពារ ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ភ្លាមៗកម្លាំងសមត្ថកិច្ចព្យាយាមចូលឃាត់ខ្លួន ជនសង្ស័យបានព្រមានមិនឱ្យចូលជិត។ ខណៈកម្លាំងសមត្ថកិច្ចស្ទុះចូលចាប់ខ្លួន ស្រាប់តែជនសង្ស័យបានបំផ្ទុះគ្រាប់បែកដែលកាន់នៅនឹងដៃ បណ្តាលឱ្យផ្ទុះយ៉ាងខ្លាំងបង្កឱ្យមានមនុស្សស្លាប់កើនដល់ ៧នាក់។

ហេតុការណ៍នេះបានបណ្តាលឱ្យលោក សោម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោម ស្លាប់នៅកន្លែងកើតហេតុ រួមជាមួយប្រជាការពារ ៣នាក់ និងជនសង្ស័យ។ ចំណែកលោក សូរ សុវណ្ណារិទ្ធ មន្រ្តីគរបាលប៉ុស្តិ៍ និងលោក វី វឿន ប្រជាការពារ បានរងរបួសធ្ងន់ ប៉ុន្តែបានស្លាប់នៅតាមផ្លូវក្នុងពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងប្រមូលភស្តុតាង ដើម្បីបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតជុំវិញហេតុការណ៍ដ៏សោកនាដកម្មដ៏រន្ធត់មួយនេះ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…