លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវនៅ សហគមន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតក្នុងភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីស្វែងយល់ពីសក្តានុពលអេកូទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានទស្សនាទេសភាពធម្មជាតិដ៏ស្រស់ស្អាត បឹងធម្មជាតិ និងជម្រកសត្វស្លាបព្រៃជាច្រើនប្រភេទ ដែលជាធនធានដ៏មានតម្លៃ និងជាគោលដៅអេកូទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្តព្រៃវែង។ ឯកឧត្តមបានសម្តែងការកោតសរសើរចំពោះភាពសម្បូរបែបនៃជីវចម្រុះ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រជាសហគមន៍ក្នុងការការពារ និងអភិរក្សបរិស្ថាន។
ទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយចីរភាព និងការបង្កើនតម្លៃតំបន់ធម្មជាតិឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ។
ជាមួយគ្នានេះ ទស្សនកិច្ចក៏បង្ហាញពីលទ្ធផលនៃកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការអភិវឌ្ឍអេកូទេសចរណ៍ផ្សារភ្ជាប់ជាមួយការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ វាក៏រួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌធម្មជាតិរបស់ខេត្តព្រៃវែងឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕
ដោយ៖ ប៉ៃ សុឃីម











