(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គុណភាពនៃការអប់រំមិនមែនសំដៅត្រឹមតែលើការបំពាក់កុំព្យូទ័រ ឬអគារសិក្សាខ្ពស់ៗនោះទេ ហើយសិស្សក៏មិនគួរទៅរៀនត្រឹមតែដើម្បីយកពិន្ទុ ឬសញ្ញាបត្រនោះដែរ ប៉ុន្តែត្រូវយកពិន្ទុក្នុងសង្គមតាមរយៈសមត្ថភាពជាក់ស្តែង។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបុគ្គលិកអប់រំទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាពឌីជីថល និងវិធីសាស្ត្របង្រៀនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំ និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។
សម្ដេច បានគូសរំលេចថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ » ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និង បន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្តូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា ។ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និងជំនាញទន់; ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និងបច្ចេកវិទ្យាឌីជីថលតាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ; និងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយនេះ រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន, តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ, និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។ ជាមួយគ្នានោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំទៅដល់មូលដ្ឋាន និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានគុណវុឌ្ឍិសមស្រប ព្រមទាំងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែងឱ្យសោះ។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «គុណភាពនៃការអប់រំមិនមែនសំដៅត្រឹមតែលើការបំពាក់កុំព្យូទ័រ ឬអគារសិក្សាខ្ពស់ៗនោះទេ ហើយសិស្សក៏មិនគួរទៅរៀនត្រឹមតែដើម្បីយកពិន្ទុ ឬសញ្ញាបត្រនោះដែរ ប៉ុន្តែត្រូវយកពិន្ទុក្នុងសង្គមតាមរយៈសមត្ថភាពជាក់ស្តែង»។ សម្ដេចធិបតី ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មេរៀននៃឥរិយាបថល្អ ការបង្កើតគំនិតច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងជីវិត ជាអ្វីដែលមិនអាចបំភ្លេចបាន ខណៈបទបញ្ជាផ្ទៃក្នុង និងទម្ងន់នៃការសិក្សានៅសាលា គឺជួយបណ្ដុះបណ្ដាលមនុស្សឱ្យចេះឆ្លងកាត់ការងារលំបាក និងចៀសវាងការដើរតាមផ្លូវកាត់៕
ដោយ៖ ធី លីថូ



