跳至正文
西哈努克省电视台 · 官方网站
登录

ឧត្តមសេនីយ៍ទោសោម ស៊ុនព្រមានចាត់វិធានការមន្រ្តីណាគប់គិតជាមួយជនល្មើសពាក់ព័ន្ធធនធានធម្មជាតិគ្មានការលើកលែងដាច់ខាត

KPS99TV历史原文 · 暂无当前语言译文

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោសោម ស៊ុន បានបន្តព្រមានទៅកាន់មន្រ្តីទាំងអស់ដាច់ខាតមិនត្រូវគប់គិតជាមួយជនល្មើសពាក់ព័ន្ធធនធានធម្មជាតិជាថ្នូរក្នុងការទទួលផលប្រយោជន៍ជាដាច់ខាត។ ក្នុងករណីមន្រ្តីណាម្នាក់គប់គិតជាមួយជនប្រព្រឹត្តបទល្មើស ត្រូវទទួលវិន័យទណ្ឌកម្មរបស់កងយោធពលខេមរភូមិន្ទ និងទទួលទោសតាមច្បាប់ដោយគ្មានការលើកលែងដាច់ខាត។

ការព្រមានរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំរូបនេះ ធ្វើឡើងនៅពេលចុះប្រតិបត្តិការត្រួតពិនិត្យ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួនជូនដល់កងកម្លាំងចម្រុះក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រតំបន់ ៤៤ ព្រៃអង់តែន ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផេករបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army ។

បើតាមឧត្តមសេនីយ៍ទោ សោម ស៊ុន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារត្ន័ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យបានបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិយាយជារួម និងនិយាយដោយឡែក នៅក្នុងតំបន់៤៤ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវការពារឱ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធជាថ្មីទៀតបានជាដាច់ខាត។

ក្រៅពីនេះ ត្រូវយកចិត្តទុកដាក់បង្ក្រាបឱ្យបានការកាប់និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យដែលកំពុងប្រព្រឹត្តិបទល្មើសជាក់ស្ដែង រួមជាមួយវត្ថុតាង ប្រគល់ជូនសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវសាមគ្គីសហការគ្នាជាមួយស្ថាប័នជំនាញពាក់ព័ន្ធឱ្យបានល្អ ដើម្បីបំពេញភារកិច្ចក្នុងការការពារ ទប់ស្កាត់ បង្ក្រាបឱ្យបានបទល្មើសធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

តាមឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ដាច់ខាតមិនត្រូវគប់គិតជាមួយជនប្រព្រឹត្តបទល្មើស ជាថ្នូរក្នុងការទទួលផលប្រយោជន៍ជាដាច់ខាត ។ ក្នុងករណីមានកងកម្លាំងចម្រុះណាម្នាក់ ឬបុគ្គលណាមួយប្រព្រឹត្តបទល្មើសខុសច្បាប់ ឬក៏គប់គិតជាមួយជនប្រព្រឹត្តបទល្មើស ត្រូវទទួលវិន័យទណ្ឌកម្មរបស់កងយោធពលខេមរភូមិន្ទ និងទទួលទោសតាមច្បាប់របស់រដ្ឋដោយគ្មានការលើកលែងឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…