跳至正文
西哈努克省电视台 · 官方网站
登录

ទីបំផុត!អ្នកបើករថយន្តបុកអ្នករើសអេតចាយមួយគ្រួសារផ្តាច់ជីវិតមនុស្សម្នាក់និង៤នាក់របួសត្រូវបានឃុំខ្លួនបណ្តោះអាសន្ន

KPS99TV历史原文 · 暂无当前语言译文

ទោះបីជាជនបង្កបើករថយន្តបុកអ្នករើសអេតចាយមួយគ្រួសារបណ្តាលឱ្យស្លាប់ម្នាក់និងរបួស៤នាក់ បានចូលខ្លួនសារភាពកំហុស និងសងសំណងទៅគ្រួសារជនរងគ្រោះជិត២ម៉ឺនដុល្លាអាមេរិកហើយក៏ដោយ ប៉ុន្តែលោក អ៊ឹង ស៊ុនសេង ដែលជាជនបង្កត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដដែល។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ហោ ចាន់ពិសី ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកណ្តាល ចេញនៅថ្ងៃទី០៦សីហានេះ។

ការសម្រេចឃុំខ្លួនជនបង្កដែលបង្កើតឱ្យមានសោកនាដកម្មនេះ បានធ្វើឡើងបន្ទាប់លោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ជនត្រូវចោទ អ៊ឹង ស៊ុនសេង ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យរបួសអ្នកដទៃ និងស្លាប់អ្នកដទៃ» និងបទ «រត់គេចខ្លួន» តាមបញ្ញត្តមាត្រា ៨៣ មាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។

បើតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ លោក ហោ ចាន់ពិសី បានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទ អ៊ឹង ស៊ុនសេង ទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។ ដីកាបង្គាប់នេះ ក៏បានប្រគល់សិទ្ធិឱ្យប្រធានពន្ធនាគារទទួល និងឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នរហូតដល់មានបទបញ្ជាថ្មីដែលសម្រេចផ្សេងពីនេះ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលជនបង្កមានឈ្មោះ អ៊ឹង ស៊ុនសេង ម្ចាស់រថយន្តសេរីទំនើបបានបើកបុករ៉ឺម៉កអ្នករើសអេតចាយមួយគ្រួសារ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឱ្យកុមារអាយុ១៣ឆ្នាំម្នាក់ទទួលមរណៈភាព រីឯមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។ ក្រោយបង្កហេតុរួច អ៊ឹង ស៊ុនសេង បានរត់គេចខ្លួនបាត់ចំនួន២ថ្ងៃ ពោលគឺនៅថ្ងៃទី០៤ ខែសីហា ទើបរូបគេ បានចូលមកសារភាពកំហុស និងសងសំណងទៅគ្រួសារជនរងគ្រោះចំនួន ១,៨៥០០ដុល្លាអាមេរិក ហើយក៏ចូលខ្លួនសារភាពចំពោះមុខមន្ត្រីនគរបាលនៃការិយាល័យចរាចរណ៍ខេត្តកណ្ដាលផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…