គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុងមានភាពមមាញឹករៀបចំហឹបវិញ្ញាសាដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។
ការដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។ តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដារាជធានី-ខេត្តនានា៕
ដោយ៖ ង៉ែត ពិសាន្ត













