អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅអគារស្នាក់នៅចំនួន ៥ទីតាំង ក្នុងក្រុងប៉ោយប៉ែត ដោយបានរកឃើញជនបរទេសសរុប ២៦នាក់ ប៉ុន្តែមិនបានរកឃើញសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឡើយ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត និងអនុវត្តតាមការបញ្ជាផ្ទាល់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ជាលទ្ធផល កម្លាំងចម្រុះបានពិនិត្យអគារស្នាក់នៅចំនួន ៥ទីតាំង និងរកឃើញជនបរទេសចំនួន ២៦នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ២៥នាក់ (ស្រី ១នាក់) និងជនជាតិចិន ១នាក់។ ការត្រួតពិនិត្យក៏មិនបានរកឃើញសម្ភារសង្ស័យ ឬភស្តុតាងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនោះទេ ខណៈម្ចាស់ទីតាំងទាំងអស់បានសហការយ៉ាងល្អជាមួយសមត្ថកិច្ច។
បន្ទាប់ពីការត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើការអប់រំ និងណែនាំម្ចាស់ទីតាំងឱ្យគោរពតាមបទប្បញ្ញត្តិច្បាប់ និងបន្តសហការជាមួយអាជ្ញាធរ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់បទល្មើសឆ្លងដែននិងបទល្មើសបច្ចេកវិទ្យាផ្សេងៗនៅក្នុងមូលដ្ឋាន។
«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕
ដោយ៖ ប៉ៃ សុឃីម






