ខេត្តព្រះសីហនុ៖ ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព និងតម្លាភាព លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងពាក់ព័ន្ធ ចុះពិនិត្យការត្រៀមរៀបចំនៅមណ្ឌលប្រឡងទាំងពីរ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់។
ការចុះពិនិត្យនេះ ផ្តោតលើការងារសំខាន់ៗចំនួន៣ រួមមាន៖
អនាម័យ និងបរិស្ថាន៖ រៀបចំសម្អាតបរិវេណមណ្ឌលប្រឡង កែលម្អសោភ័ណភាព និងលាបថ្នាំសម្អាតទ្វារ ដើម្បីបង្កើតបរិយាកាសស្អាត និងផាសុកភាពសម្រាប់បេក្ខជន។
សន្តិសុខ និងសណ្ដាប់ធ្នាប់៖ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន សហការពង្រឹងការការពារសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅមណ្ឌលប្រឡង ធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន។
ផ្ញើម៉ូតូដោយឥតគិតថ្លៃ៖ រដ្ឋបាលស្រុកបានរៀបចំទីតាំងរក្សាទុកម៉ូតូជូនបេក្ខជន និងអាណាព្យាបាលដោយមិនគិតថ្លៃ ដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយការចំណាយ។
ការត្រៀមរៀបចំទាំងនេះ មានគោលបំណងបង្កើតបរិយាកាសប្រឡងប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងទំនុកចិត្ត ដើម្បីឱ្យបេក្ខជនអាចផ្តោតអារម្មណ៍លើការប្រឡង និងបង្ហាញសមត្ថភាពបានពេញលេញ។
ក្នុងឱកាសនោះ រដ្ឋបាលស្រុកព្រៃនប់ ក៏បានផ្ញើសារជូនពរដល់បេក្ខជនទាំងអស់ សូមឱ្យមានសុខភាពល្អ មានសំណាងល្អ ប្រឡងជាប់ទទួលបានលទ្ធផលខ្ពស់ និងសម្រេចក្តីស្រមៃរបស់ខ្លួន ដោយភ្ជាប់ជាមួយសារលើកទឹកចិត្តថា៖ «ខិតខំថ្ងៃនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងនៅថ្ងៃស្អែក!»។
«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕
ដោយ៖ ប៉ៃ សុឃីម





