នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី៧ ខែសីហានេះ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាកាន់តែស៊ីជម្រៅបន្ថែមទៀត។
ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទនិងគួរឱ្យទុកចិត្ត ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកកាន់តែសំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ។ ទន្ទឹមគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរក្សាសន្តិភាព, ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី, សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ ជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ និងបន្តចូលរួមយ៉ាងសំខាន់ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតរមួតបន្ថែមទៀត។ បន្ថែមពីនេះសម្តេចធិបតី និងឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
ដោយ៖ ង៉ែត ពិសាន្ត















