跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុន២បង្ហូរសំណល់រាវបំពុលទឹកអូរធម្មជាតិនិងសមុទ្រនៅតំបន់ទំនប់រលកខណៈអាជ្ញាធរខេត្តព្រះសីហនុឱ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់!

KPS99TV历史原文 · 暂无当前语言译文

មន្ទីរបរិស្ថានខេត្តព្រះសីហនុ រកឃើញក្រុមហ៊ុនចំនួន២ ជាប្រភេទរោងចក្រកិនកម្ទេចឈើអាកាស្យា សង្ស័យលេចធ្លាយទឹកកពណ៌ខ្មៅហូរចូលទឹកអូរធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រដែលនាំឱ្យទឹកសមុទ្រឡើងពណ៌ខ្មៅ។ ដាក់ការសង្ស័យលើក្រុមហ៊ុនទាំងពីរនេះ បន្ទាប់ពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុសហការជាមួយអាជ្ញាធរសង្កាត់លេខ១ និងលោកមេភូមិ៣(ទំនប់រលក) ចុះពិនិត្យករណីទឹកសមុទ្រឡើងពណ៌ខ្មៅនៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។

បើតាមក្រសួងបរិស្ថាន ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD (ទិញឈើអាកាស្យា) និងក្រុមហ៊ុន TNT VN (ទិញឈើអាកាស្យា) ជាប្រភេទរោងចក្រកិនកម្ទេចឈើអាកាស្យា ដើម្បីនាំចេញសម្រាប់កែច្នៃជាក្រដាស់កាតុង និងក្រដាស់អនាម័យ មានទីតាំងស្ថិតនៅក្រុម២ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានក្រុមការងារឃើញសង្ស័យថា បានបង្កឱ្យមានទឹកកពណ៌ខ្មៅហូរចូលអូរទឹកធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រ។

តាមរយៈក្រសួងបរិស្ថាន ក្រុមការងារ បានបញ្ជាក់ថា ក្រុមហ៊ុនពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួនចូលសមុទ្រដោយផ្ទាល់នោះទេ ប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវ ដោយឈើអាកាស្យាដែលបានកិនឱ្យទៅជាកម្ទេចឈើម៉ត់ៗគរនៅលើបរិវេណដីរបស់ក្រុមហ៊ុន និងគ្មានដំបូលគ្រប បណ្តាលឱ្យត្រូវទឹកភ្លៀង ជ្រាបចូលប្រភពទឹកសាធារណៈ(អូរធម្មជាតិ) នៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ជុំវិញនឹងករណីនេះ ក្រុមការងារបានចាត់វិធានការឱ្យក្រុមហ៊ុនបញ្ឈប់កុំឱ្យទឹកពណ៌ខ្មៅបន្តហូរចេញពីក្រុមហ៊ុន ចូលប្រភពទឹកសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវកែលម្អបរិស្ថាន រៀបចំអាងចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងធ្វើការទុកដាក់សំណល់កម្ទេចឈើអាកាស្យាឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមាន។ ក្រោយចុះពិនិត្យផ្ទាល់ ក្រុមការងារបានយកសំណាកទឹកចំនួន២សំណាក និងបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍នៃក្រសួងបរិស្ថានផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…