跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្រ្តីទេសចរណ៍៖រដូវកាលបៃតងមិនមែនជាឧបសគ្គនៃការធ្វើដំណើរទេតែជាឱកាសដ៏ល្អក្នុងការស្គាល់កម្ពុជា

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា រដូវកាលបៃតង មិនមែនជាឧបសគ្គនៃការធ្វើដំណើរនោះទេ ប៉ុន្តែជាឱកាសដ៏ល្អមួយក្នុងការស្គាល់កម្ពុជាពីជ្រុងថ្មីមួយទៀត គឺ «បៃតងជាងមុន ស្រស់ស្អាតជាងមុន និងពោរពេញដោយបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»។

ការថ្លែងបែបនេះរបស់ឯកឧត្តម ហួត ហាក់ ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ៖ «សក្កានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នាល្ងាចថ្ងៃទី០៨ ខែសីហា។

ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតងនេះ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ សាមគ្គីភាព ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី»,«ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី», ជាពិសេស ការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការលើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្ដល់នូវភាពកក់ក្ដៅ, បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្តរបស់ទេសចរមកពីគ្រប់ទិសទីទូទាំងសកលលោក។

ក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ, ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង, ឯកឧត្ដមអគ្គកុងស៊ុលរងនៃសាធារណរដ្ឋប្រជាមានិតឡាវប្រចាំខេត្តស្ទឹងត្រែង, ប្រធានមន្ទីរទេសចរណ៍ខេត្តនៅតំបន់ភូមិភាគឦសាន្ត តំណាងក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, វិស័យឯកជន, អង្គការដៃគូ, វាគ្មិនកិត្តិយស, បងប្អូនប្រជាសហគមន៍, អ្នកផលិតមាតិកា Influencers និង KOLs ប្អូនៗយុវជនសិស្សនិស្សិតប្រមាណ ១.០០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ការបំប្លែងរដូវកាល «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវសម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រង ពណ៌បៃតងខ្ចីគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធ ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។

បើតាមឯកឧត្តម ហួត ហាក់ «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជានារដូវកាលបៃតង។ តាមរយៈព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនិងបានមើលឃើញថា រដូវកាលបៃតង គឺជារដូវកាលដ៏ស្រស់ស្អាតមួយសម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ដែលមានបទពិសោធន៍ទេសចរណ៍ថ្មីៗជាច្រើនកំពុងរង់ចាំការស្វែងយល់ និងការរុករក។

សូមជម្រាបថា ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង» ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃតំបន់បេតិកភណ្ឌ និងវប្បធម៌ខ្មែរ ដែលកាន់តែស្រស់បំព្រងនៅក្នុងរដូវកាលបៃតង។

ដោយឡែក នៅរាត្រីនេះ ដំណើររដូវកាលបៃតងបានបន្តមកដល់ទឹកដីខេត្តស្ទឹងត្រែង ដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ ទន្លេ ព្រៃឈើ សហគមន៍ និងសក្តានុពលអេកូទេសចរណ៍ដ៏លេចធ្លោ និងរៀបចំឡើង ក្រោមប្រធានបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។ បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតងនៅខេត្តស្ទឹងត្រែង ដែលត្រូវបានរៀបចំសម្រាប់តំបន់ភូមិភាគឥសាន្ត នឹងបន្តទៅខេត្ត Cluster នៅតំបន់ឆ្នេរ, បន្ទាប់មក នឹងបិទបញ្ចប់ នៅរាជធានីភ្នំពេញ វិញ ជាមួយនឹងប្រធានបទផ្សេងៗ ស្របទៅតាមសក្តានុពលនៃរាជធានី ខេត្តនីមួយៗ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…