ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូន និងពុំមានបាតុភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់ឡើយ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងព្រឹកថ្ងៃទី១ មានបេក្ខជនចំនួន ៩៦នាក់មានបញ្ហាសុខភាព ក្នុងនោះ ១១នាក់បានបោះបង់ការប្រឡង និង ២៤នាក់ត្រូវបានរៀបចំឱ្យប្រឡងដាច់ដោយឡែក។ ក្នុងចំណោមបេក្ខជនដែលមានបញ្ហាសុខភាព មាន ២៧នាក់កើតជំងឺគ្រុនឈាម និង ២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍។ ចំណែកគណៈកម្មការប្រឡងដែលមានបញ្ហាសុខភាពមានចំនួន ១៩នាក់។
សម្រាប់ការប្រឡងព្រឹកថ្ងៃទី១ បេក្ខជនអវត្តមានសរុបមានចំនួន ១.២៩៤នាក់ ក្នុងនោះស្រី ៤៧៤នាក់ ស្មើនឹង ០,៨៥% ហើយក្នុងចំណោមនោះមានបេក្ខជនស្វ័យរិន្ទចំនួន ១.១០០នាក់។ ចំនួនអវត្តមានឆ្នាំ២០២៦នេះ មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែលមានបេក្ខជនអវត្តមានចំនួន ១.៧៨៨នាក់ ស្មើនឹង ១,២២%។
ជាមួយគ្នានេះ ក្នុងដំណើរការប្រឡងនៅខេត្តសៀមរាប គណៈមេប្រយោគ និងក្រុមការងារសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើកំណត់ហេតុពិសេសចំពោះសមាជិកគណៈកម្មការប្រឡង ៣រូប ដែលពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប្រឡង ក្នុងនោះសមាជិកគណៈកម្មការកណ្ដាល ២រូប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សៀមរាប និងសមាជិកគណៈកម្មការត្រួតពិនិត្យអគារ ១រូប នៅមណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយត្បូង។។
គួរបញ្ជាក់ថា ឆ្នាំសិក្សា ២០២៥-២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១.២៣៨នាក់ ក្នុងនោះស្រី ៨៤.៧៣៥នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមាន ៣៧.៤៤៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១១៣.៧៩៣នាក់៕
ដោយ៖ ប៉ៃ សុឃីម




