តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងប្រទេសកម្ពុជា បានចុះថ្លៃចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
តាមការកំណត់ថ្មី ប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៤,១៥០រៀលក្នុង១លីត្រ ចុះថ្លៃ ៣០០រៀល ខណៈប្រេងម៉ាស៊ូត (Gasoil 10ppm) មានតម្លៃ ៤,៨៥០រៀលក្នុង១លីត្រ ចុះថ្លៃ ៣៥០រៀល។
ការកំណត់តម្លៃថ្មីនេះ ធ្វើឡើងដោយផ្អែកលើការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅទីផ្សារតំបន់ និងអន្តរជាតិ ព្រមទាំងអនុវត្តតាមរូបមន្តកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដែលបានកំណត់ដោយរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជួយសម្រួលដល់តម្លៃប្រេង ដោយបន្តកាត់បន្ថយបន្ទុកពន្ធ និងអាករមួយចំនួនលើប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីចូលរួមសម្រាលការចំណាយ និងជីវភាពប្រជាពលរដ្ឋ។ដូច្នេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្ថានីយលក់ប្រេងឥន្ធនៈត្រូវអនុវត្តតម្លៃលក់រាយ ៤,១៥០រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៤,៨៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
ដោយ៖ ប៉ៃ សុឃីម









