跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលក្រុងព្រះសីហនុ ពង្រីកផ្លូវ៨០០ ដោះស្រាយការកកស្ទះ និងលើកកម្ពស់សោភ័ណភាពក្រុងទេសចរណ៍

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ យោងតាមការឲ្យដឹងពីលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២៦ ថា ការរៀបចំកែសម្រួល និងពង្រីកផ្លូវនេះ គឺក្នុងគោលបំណងធ្វើឱ្យផ្លូវធំទូលាយ រៀបរយ និងឆ្លើយតបទៅនឹងតម្រូវការចរាចរណ៍ដែលកំពុងកើនឡើងនៅក្នុងក្រុងព្រះសីហនុ។

ដូចនេះរដ្ឋបាលក្រុងព្រះសីហនុ កំពុងរៀបចំកែសម្រួល និងពង្រីកផ្លូវ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ត្រង់ចំណុចកែងមន្ទីរព័ត៌មានចាស់ ឆ្ពោះទៅផ្លូវសេតេ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នេះ។

ការកែសម្រួលផ្លូវនេះធ្វើឡើង ដោយសារផ្លូវមានសភាពតូចចង្អៀត និងមានការកកស្ទះជាញឹកញាប់ ជាពិសេសនៅពេលមានចរាចរណ៍មមាញឹក។ ការពង្រីកផ្លូវនឹងជួយបង្កើនលំហូរចរាចរណ៍ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន។

ការងារនេះក៏ជាផ្នែកមួយនៃការរៀបចំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងត្រូវបានជំរុញឱ្យក្លាយជាគោលដៅទេសចរណ៍ និងទីក្រុងដែលមានសោភ័ណភាព បរិស្ថានល្អ និងហេដ្ឋារចនាសម្ព័ន្ធសមស្របតាមការរីកចម្រើន។

រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបរិស្ថានទីក្រុង គឺជាកត្តាសំខាន់ក្នុងការបង្កើនភាពទាក់ទាញរបស់ក្រុង ក៏ដូចជាការបង្កើតភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ៕

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…