ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ដោយបានការចង្អុលបង្ហាញពី លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កម្លាំងទីបញ្ជាការជួរមុខ បានចេញអន្តរាគមន៍ជួយសង្គ្រោះប្រជានេសាទម្នាក់ ដែលបានជួបហេតុការណ៍លិចទូកនេសាទ នៅតំបន់សមុទ្រក្បែរកោះព្រាប ខេត្តព្រះសីហនុ។
តាមព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ១៣:២០នាទី លោកឧត្តមនាវីទោ ហែម សុខេង អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ប្រចាំបញ្ជា បានចាត់លោក វរនាវីទោ ហាស់ ប៊ុនថន អនុប្រធានការិយាល័យប្រចាំការ ទីបញ្ជាការជួរមុខ ដឹកនាំកម្លាំងចំនួន ៤រូប និងប្រើប្រាស់អូប័រ RIHB ចំនួន ១គ្រឿង ចេញអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះនៅចំណុចនិយាមកា Lat 10°40'12"N, Long 103°30'42"E ប្រមាណ ២០០ម៉ែត្រ ខាងជើងកោះព្រាប។
ប្រតិបត្តិការសង្គ្រោះបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព ដោយកម្លាំងសង្គ្រោះបានជួយនាំប្រជានេសាទម្នាក់ឡើងពីតំបន់កើតហេតុ និងធានាថាស្ថិតក្នុងសុវត្ថិភាព។
ជនរងគ្រោះឈ្មោះ សែម សុខន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិទំនប់រលក សង្កាត់១ ក្រុង ខេត្តព្រះសីហនុ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានឱ្យដឹងថា ទូកនេសាទរបស់ខ្លួនជាប្រភេទទូកកន្ទុយវែងខ្នាតតូច បំពាក់ម៉ាស៊ីនសាំងកម្លាំង ៨.៥សេះ។ មូលហេតុដែលបណ្តាលឱ្យទូកលិច គឺដោយសារចុងទុយោបូមទឹកបានបត់ចូលក្នុងទូក បណ្តាលឱ្យទឹកហូរចូលយ៉ាងច្រើន រហូតធ្វើឱ្យទូកលិច និងបាត់បង់សម្ភារមួយចំនួន។
បច្ចុប្បន្ន ជនរងគ្រោះមានសុវត្ថិភាព ខណៈកំពុងស្វែងរកមធ្យោបាយ ដើម្បីស្រង់ទូកនេសាទរបស់ខ្លួនឡើងវិញ។
ហេតុការណ៍នេះក៏បានបង្ហាញពីភាពរហ័សរហួន និងការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចជំនាញ ក្នុងការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលប្រកបមុខរបរនៅតាមលម្ហសមុទ្រ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ប៉ៃ សុឃីម





