(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ប្រាប់ សហរដ្ឋអាមេរិក អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ព្រមទាំងអនុលោមតាមបណ្ដាអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ព្រំដែន។
សម្ដេចធិបតី ថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ ឯកឧត្តម Elbridge A. Colby បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់នៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការការពារជាតិ។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកតែងតែប្រកាន់ខ្ជាប់នូវកិច្ចសហការដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងការស្វែងរកផលប្រយោជន៍រួម ដោយលោកបានចាត់ទុកកម្ពុជាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងប្ដេជ្ញាបន្តជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវក្តីរីករាយឥតឧបមាជាមួយវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ព្រមទាំងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិស័យយោធាឱ្យកាន់តែរីកចម្រើនទៅមុខ។ ក្នុងនោះ សម្ដេចធិបតី បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពនៃការត្រៀមរៀបចំសមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧ ខាងមុខ និងការបន្តពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជា ដោយលោកបានគូសរំលេចថា សមយុទ្ធ និងការបណ្ដុះបណ្ដាលរួមគ្នានេះ គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការកសាងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងកងទ័ពទាំងពីរ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានចូលរួមសម្របសម្រួលឱ្យមានបទឈប់បាញ់កន្លងមក ព្រមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការបន្តយកចិត្តទុកដាក់ដល់ការកសាងសន្តិភាពរវាងកម្ពុជានិងថៃ។
បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគីអាម៉េរិកអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហរច្បាស់លាស់របស់កម្ពុជា។ ជាងនេះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ព្រមទាំងអនុលោមតាមបណ្ដាអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ព្រំដែន៕
ដោយ៖ ធី លីថូ


