យោងតាមស្ថានភាពអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ស្ថានភាពធាតុអាកាសនៅទូទាំងប្រទេសនឹងមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយសារតែសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង បាននិងកំពុងជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជាទាំងមូល។
ស្ថានភាពបែបនេះ នឹងបង្កឱ្យមានការប្រែប្រួលធាតុអាកាសតាមតំបន់រួមមាន៖
តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានចន្លោះពី ២៥°C ដល់ ៣៥°C ដោយអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពស្ថិតក្នុងរង្វង់ពី ២៤°C ដល់ ៣៤°C ជាមួយនឹងលទ្ធភាពមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៥០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៥°C អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដីប្រមាណ ៤០%។ បន្ថែមពីនេះ បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះរលកសមុទ្រដែលអាចមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕
ដោយ៖ ប៉ៃ សុឃីម
«ការប្រកាសអាសន្នធាតុអាកាស៖ ឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ដល់ ១៩ សីហានេះ!»
KPS99TV历史原文 · 暂无当前语言译文
