跳至正文
西哈努克省电视台 · 官方网站
登录

ភ្នំពេញបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ បានថ្លែងថា ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានី និងភាគីពាក់ព័ន្ធបានប្រកាសពីផែនការកែលម្អតំបន់ច្រាំងទន្លេនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ឱ្យក្លាយជាតំបន់ទេសចរណ៍បែបទំនើប បៃតង និងមានបរិស្ថានល្អប្រសើរ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត មានជាអាទិ៍ សួនលំហែកាយសាធារណៈ សម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អំណោយផលដល់ការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍កីឡាកម្រិតជាតិ និងអន្តរជាតិធំៗ, ការរៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើររបស់មហាជន, និងការរៀបចំផ្លូវសម្រាប់ការជិះកង់ និងដាក់ឱ្យប្រើប្រាស់ កង់អាគុយ សាធារណៈ ដើម្បីបង្កើនភាពងាយស្រួលដល់ទេសចរ និងអ្នកដំណើរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់ និងជាគោលដៅទេសចរណ៍ទីក្រុងទំនើប ប្រកបដោយភាពស៊ីវីល័យ និងរស់រវើក ព្រមទាំងតភ្ជាប់ភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍នានា ទូទាំងប្រទេស។ រាជធានីភ្នំពេញ មានអត្តសញ្ញាណ សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ជាពិសេស ផ្លូវថ្មើរជើងចតុមុខ ដែលជាផលិតផលទេសចរណ៍ថ្មីមួយកំពុងទទួលបានការគាំទ្រ និងជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ដ៏ទាក់ទាញជាបន្តបន្ទាប់។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ កម្ពុជា មិនអាចពឹងផ្អែកតែលើសក្តានុពលដែលមានស្រាប់នោះទេ, យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ, កែលម្អ និងពង្រឹងគុណភាព សេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ, ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថា ភ្នំពេញ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយទីក្រុងទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពធំៗចំនួន ៣ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងតំបន់ និងការផ្លាស់ប្តូររបស់ភ្ញៀវទេសចរជំនាន់ថ្មី គឺ ទី១).ការជំរុញការបង្កើតអត្តសញ្ញាណ និងម៉ាកសញ្ញាផ្ទាល់ខ្លួន (Phnom Penh Destination Branding)។ ទី២).ការរៀបចំ និទានកថា (Storytelling) ដោយផ្លាស់ប្តូរ និងបន្ថែមពីការ «លក់ទីកន្លែងដែលជាគោលដៅទេសចរណ៍» មកជា «លក់រឿងរ៉ាវ បទពិសោធន៍ និងអារម្មណ៍» ដោយផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ស្ថាបត្យកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាហារតាមតំបន់។ និងទី៣). ការជំរុញទេសចរណ៍នាពេលរាត្រី (Night Tourism) ដោយពង្រីកសកម្មភាពទេសចរណ៍ពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវ៕

ដោយ៖ ធី លីថូ

评论

正在加载评论…