(សៀមរាប)៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអប់រំបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំលោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន ៧២នាក់ មកពីសាលាបឋមសិក្សាលលៃ ចុះធ្វើកម្មសិក្សាផ្ទាល់នៅទីតាំងប្រាសាទលលៃ ដើម្បីសិក្សាឈ្វេងយល់អំពីកំណើត និងប្រវត្តិនៃអក្សរខ្មែរបុរាណដែលបានចារលើជញ្ជាំងថ្មប្រាសាទ។
កម្មវិធីនេះ សម្របសម្រួលដោយគ្រូបង្គោលនៃអាជ្ញាធរជាតិអប្សរាចំនួន ៦រូប ក្នុងគោលបំណង បណ្ដុះស្មារតីសិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ឱ្យស្គាល់ពីប្រវត្តិអក្សរសាស្ត្រជាតិ បង្កើនក្ដីស្រឡាញ់ចំពោះមត៌កដូនតា និងយល់ដឹងពីតម្លៃនៃការអភិរក្សបេតិកភណ្ឌ។
នៅក្នុងវគ្គសិក្សាក្រៅថ្នាក់នេះ សិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអប់រំសំខាន់ៗ រួមមាន៖
- ការស្វែងយល់ប្រវត្តិសាស្ត្រ និងផែនទីបុរាណវិទ្យា៖ ទទួលបានការបង្ហាញអំពីប្រវត្តិទូទៅនៃអក្សរខ្មែរ ប្រវត្តិសង្ខេបនៃប្រាសាទលលៃ និងរបៀបមើលផែនទីបង្ហាញទីតាំងមត៌កដូនតាដែលនៅជុំវិញភូមិដ្ឋានផ្ទាល់របស់សិស្ស ក្នុងតំបន់ប្រាសាទរលួស។
- ការសង្កេតតួអក្សរបុរាណលើថ្ម៖ សិស្សានុសិស្សបានមើលតួអក្សរខ្មែរបុរាណដែលចារលើមេទ្វារប្រាសាទដោយផ្ទាល់។ ជាមួយគ្នានេះ ក្រុមការងារបានណែនាំយ៉ាងម៉ឺងម៉ាត់មិនឱ្យប៉ះពាល់ ឬស្ទាបសិលាចារឹកឡើយ ដើម្បីចូលរួមថែរក្សាសិលាចារឹកឱ្យបានត្រឹមត្រូវ។
- សកម្មភាពផាត់ពណ៌រំលឹកការចងចាំ៖ សិស្សនីមួយៗបានផាត់ពណ៌តួអក្សរបុរាណលើក្រដាសតាមគំរូដើម។ ស្នាដៃផាត់ពណ៌ទាំងនេះ ត្រូវបានប្រគល់ជូនសិស្សានុសិស្សទុកជាអនុស្សាវរីយ៍ និងជានិមិត្តរូបនៃចំណេះដឹង។
កម្មវិធីអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំពេញមួយឆ្នាំសិក្សា ដោយបានសហការជាមួយអង្គការមត៌កខ្មែរ (KHO)។ ប៉ុន្តែសម្រាប់ឆ្នាំនេះ មានការបន្ថែមមុខវិជ្ជាថ្មីមួយគឺ «សិលាចារឹក»។ តាមរយៈមុខវិជ្ជាថ្មីនេះ កុមារាកុមារីមិនត្រឹមតែបានស្គាល់ទម្រង់តួអក្សរបុរាណប៉ុណ្ណោះទេ ថែមទាំងអាចប្រកបតួអក្សរទាំងនោះបានខ្លះៗ ដោយក្តីរីករាយ និងសភាវគតិរហ័សរហួន។
តំណាងលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាលលៃ បានសម្តែងក្តីរំភើបជាពន់ពេកចំពោះលទ្ធផលនៃមុខវិជ្ជាថ្មីនេះ ដែលបានផ្តល់ទាំងចំណេះដឹង និងបរិយាកាសសិក្សាដ៏សប្បាយរីករាយ។
អាជ្ញាធរជាតិអប្សរា មានគោលដៅយ៉ាងមុតមាំថា សកម្មភាពអប់រំនេះ នឹងជួយបណ្ដុះស្មារតីស្នេហាជាតិ រួមចំណែកថែរក្សាសម្បត្តិមត៌កដូនតា ហើយសង្ឃឹមយ៉ាងមុតមាំថា កុមារទាំងនេះ យ៉ាងហោចណាស់ម្នាក់ នឹងក្លាយជាអ្នកបន្តវេនក្នុងកិច្ចការងារអភិរក្សបេតិកភណ្ឌជាតិ ឬបន្តការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យា នាពេលអនាគត៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ ធី លីថូ














