跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងការងារ ព្រមានចាត់វិធានការយ៉ាងតឹងរឹង ចំពោះអ្នកគ្រប់គ្រងជាជនបរទេស ដែលប្រើពាក្យសម្តីមិនសមរម្យ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរ!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការព្រមានចាត់វិធានការយ៉ាងតឹងរឹងចំពោះអ្នកគ្រប់គ្រងជនជាតិបរទេសនៅក្នុងវិស័យឯកជនដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ សីហា បន្ទាប់ពីទទួលបានបណ្ដឹងរបស់កម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់ទៅលើរូបភាព និងសំឡេងពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជន ក្រសួងតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២នាក់ សុំទោសជាសាធារណៈនៅចំពោះមុខកម្មករនិយោជិត។

ក្រៅពីសុំទោសសាធារណៈបែបនេះ ពួកគេត្រូវបន្តធ្វើកិច្ចសន្យាថា ឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរតទៅទៀត។ ជនបរទេសដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យទាំងនោះ រួមមាន៖ ទី១ នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូព្រែកធីវី ឯ.ក ស្ថិតនៅខេត្តកណ្តាល និងទី២ នៅរោងចក្រ មីង យ៉ាង អ៊ុនជាស្ត្រី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះក្រសួងបានបញ្ជាក់ថា ប្រសិនជាមានករណីបែបនេះលើកទី២ នាពេលខាងមុខ ជនបរទេសនោះនឹងប្រឈមការដកហូតបណ្ណការងារជនបរទេស និងបណ្តេញចេញពីកម្ពុជា។

បន្ថែមពីនេះ ក្រសួងបានរំលឹកសារជាថ្មីដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែនៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសជនបរទេសត្រូវគោរពឱ្យបាននូវសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ និងចៀសវាងជាដាច់ខាតការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ។ ក្នុងករណីរកឃើញ ឬទទួលបានពាក្យបណ្ដឹងអំពីការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនោះ ក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន៕

ដោយ៖ ធី លីថូ

评论

正在加载评论…