跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស HMS TAMAR

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវរនាវីទោ TOM Lindsey មេបញ្ជាការនាវា HMS TAMAR នៃកងទ័ពជើងទឹកចក្រភពអង់គ្លេស ក្នុងឱកាសដែលគណៈប្រតិភូនាវាមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូទាំងអស់ ដោយបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីសក្តានុពលដ៏ធំធេងរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចពហុបំណង មានតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ជ្រុងជ្រោយ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងផ្លូវល្បឿនលឿន។ ជាពិសេស ខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលគ្រោងនឹងពង្រីកជម្រៅទឹកឱ្យបាន ១៧ ម៉ែត្រ នៅឆ្នាំ ២០៣០ ដើម្បីសម្រួលដល់ការចូលចតនៃនាវាដឹកជញ្ជូនធំៗមកពីជុំវិញពិភពលោក។

ឯកឧត្តម បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេសលើកទី ៣ នេះ គឺជាការស្តែងឲ្យឃើញពីការរឹតចំណងមិត្តភាពយ៉ាងរឹងមាំ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយកម្ពុជាអបអរសាទរខួបលើកទី ៧៣ នៃទំនាក់ទំនងការទូត។ កិច្ចសហប្រតិបត្តិការនេះ រួមបញ្ចូលទាំងវិស័យពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការងារសន្តិសុខ និងការជួយគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកវរនាវីទោ TOM Lindsey បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា និងខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ថា បេសកកម្មចូលចតនាវានេះ គឺធ្វើឡើងក្នុងគោលបំណងរួមចំណែកថែរក្សាសន្តិសុខលំហសមុទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់គណៈប្រតិភូអង់គ្លេស ជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់កម្ពុជាទៅកាន់ធុរជនអង់គ្លេស ដើម្បីបន្តពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ឡាយ ចាន់ដា

评论

正在加载评论…