跳至正文
西哈努克省电视台 · 官方网站
登录

ក្តៅៗ! អាវុធហត្ថខេត្តបាត់ដំបង បំបែកសំណុំរឿងក្រុមក្មេងទំនើងប្រុសស្រីដើរធាក់ប្លន់ម៉ូតូ និងដេញកាប់យ៉ាងសាហាវឃាត់ខ្លួនបាន ៦នាក់

KPS99TV历史原文 · 暂无当前语言译文

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រីចំនួន ៦នាក់ ក្នុងចំណោមមុខសញ្ញាសរុប ៨នាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានអាវុធមុខស្រួច និងកាំបិតសរុប ៦ដើម ព្រមទាំងដែកទីប ២ដើម ដែលជាឧបករណ៍ធ្វើសកម្មភាព។

ផ្អែកតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ សូ ឌី និងចម្លើយសារភាពបានឱ្យដឹងថា ក្រុមទំនើងដែលរួមមានក្មេងស្រី ២នាក់ផងនោះ បានធ្វើសកម្មភាពយ៉ាងសកម្មចាប់តាំងពីយប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា។ ពួកគេបានជិះម៉ូតូប្រដាប់ដោយអាវុធដេញធាក់ប្លន់យកម៉ូតូ Honda Dream ពីជនរងគ្រោះបានសម្រេចជាបន្តបន្ទាប់នៅម្តុំរង្វង់មូលរំសាយសក់ និងផ្លូវជាតិលេខ៥។ បន្ថែមពីនេះ ពួកគេថែមទាំងបានដេញកាប់ប្រហារអ្នកធ្វើដំណើរ និងកាប់បំផ្លាញម៉ូតូជនរងគ្រោះឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅភូមិសាស្រ្តសង្កាត់អូរម៉ាល់ និងក្រោយសាលាបាឡាត់ទៀតផង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។ ចំពោះនារី ២នាក់ក្នុងចំណោម ៨នាក់ (ម្នាក់ជាម្ចាស់បន្ទប់ និងម្នាក់ទៀតមកលេង) កំពុងស្ថិតក្រោមការសាកសួរ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយ៉ាងក្តៅគគុកដើម្បីតាមចាប់ខ្លួនបក្ខពួក ២នាក់ទៀតដែលបានយកម៉ូតូប្លន់គេចខ្លួនឱ្យខាងតែបាន៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…