跳至正文
西哈努克省电视台 · 官方网站
登录

ខលតាម Hotline 1292! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងក្តៅៗ វាយខ្នោះក្រុមចោរលួចយ៉ាងសកម្មនៅក្រុងឧដុង្គម៉ែជ័យ

KPS99TV历史原文 · 暂无当前语言译文

摘要

Click KPS99TV To See More!

ប្រតិបត្តិការបង្រ្កាបបទល្មើសយ៉ាងក្តៅគគុកបានកើតឡើងនៅក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។ សកម្មភាពបង្ក្រាបនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីជនរងគ្រោះបានទូរស័ព្ទរាយការណ៍ និងសុំអន្តរាគមន៍បន្ទាន់តាមរយៈលេខ (Hotline 1292) កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីចោរលួចចូលផ្ទះប្រមូលយកប្រាក់រៀល ១,២០០,០០០៛ ទូរស័ព្ទ ០២គ្រឿង និងកាបូបឯកសារមួយ នៅចំណុចភូមិត្រពាំងក្អែក សង្កាត់វាលពង់។

ភ្លាមៗក្រោយទទួលបានការរាយការណ៍ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោក អនុសេនីយ៍ទោ ឈួរ ឆាំងលក្ខ័ មេបញ្ជាការរង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដំបូងឈ្មោះ ថុល ថាន់ណា អាយុ ១៧ឆ្នាំ ដែលបានសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទ iPhone X មួយគ្រឿងពីផ្ទះជនរងគ្រោះប្រាកដមែន។ ដោយមិនទាន់បញ្ចប់បេសកកម្ម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តស្រាវជ្រាវ និងឈានទៅក្រសោបបានបក្ខពួកពីរនាក់បន្ថែមទៀតជាបន្តបន្ទាប់ រួមមានឈ្មោះ គឿន តុលា អាយុ ២៥ឆ្នាំ និងឈ្មោះ ហួន រតនា អាយុ ២៦ឆ្នាំ នៅថ្ងៃទី១៨ ខែសីហា។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមជាមួយនឹងវត្ថុតាងដែលដកហូតបាន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ រួចរាល់ហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។ ជោគជ័យនៃប្រតិបត្តិការរហ័សនេះ បានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធ Hotline 1292 ក្នុងការឆ្លើយតប និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…