跳至正文
西哈努克省电视台 · 官方网站
登录

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការផ្តល់បដិសណ្ឋារកិច្ច និងសុវត្ថិភាពម្ហូបអាហារ»ដល់អាជីវករលក់ដូរចល័តតាមឆ្នេរ

KPS99TV历史原文 · 暂无当前语言译文

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការផ្តល់បដិសណ្ឋារកិច្ច និងសុវត្ថិភាពម្ហូបអាហារ» ជូនដល់អាជីវករលក់ដូរចល័តនៅតាមតំបន់ឆ្នេរប្រមាណ ១៣០នាក់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមានការចូលរួមពី លោកស្រីអភិបាលរងក្រុងព្រះសីហនុ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម អនាម័យ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ព្រមទាំងចូលរួមលើកកម្ពស់ជីវភាពបុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានគូសបញ្ជាក់ថា ទោះបីជាបងប្អូនជាអាជីវករលក់ដូរចល័តក៏ដោយ ប៉ុន្តែភ្ញៀវទេសចរតែងតែចង់សាកល្បងម្ហូបអាហារតាមតំបន់ និងម្ហូបអាហារក្នុងស្រុក។ ដូចនេះ ការរៀបចំខ្លួនឲ្យបានស្អាតបាត មានអនាម័យ និងការទទួលបដិសណ្ឋារកិច្ចល្អ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះភ្ញៀវមិនមែនសំដៅតែលើទីតាំងធំៗនោះទេ។

លោកប្រធានមន្ទីរ បានបន្ថែមទៀតថា ខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ឆ្នេរដ៏សំខាន់ ដែលទទួលភ្ញៀវទេសចរមកសម្រាកកម្សាន្តយ៉ាងច្រើនជារៀងរាល់សប្តាហ៍ ព្រមទាំងជាទីតាំងរៀបចំប្រជុំកម្រិតជាតិ និងអន្តរជាតិ។ ជាពិសេស ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «បុណ្យសមុទ្រ» នៅខែធ្នូ ចុងឆ្នាំ២០២៦ ខាងមុខនេះ។ ការពង្រឹងសេវាកម្ម សណ្ដាប់ធ្នាប់ និងអនាម័យម្ហូបអាហារនៅពេលនេះ គឺជាការត្រៀមលក្ខណៈសម្បត្តិយ៉ាងសកម្ម ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យកាន់តែប្រសើរឡើង៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…