ខេត្តព្រះសីហនុ៖ គណៈកម្មការជំនាញខេត្តព្រះសីហនុ និងខេត្តអានហ្សាង នៃប្រទេសវៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការ ស្តីពីការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់ដំណាក់កាលទី២៦ រដូវប្រាំង ឆ្នាំ២០២៦-២០២៧។ ពិធីនេះធ្វើឡើងនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការជំនាញខេត្ត រួមជាមួយ លោក ឡេ វ៉ាន់ភឿក អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត និងជាអនុប្រធានគណៈកម្មការជំនាញខេត្តអានហ្សាង និងប្រតិភូអមដំណើរ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនៃខេត្តទាំងពីរ។
ក្នុងរយៈពេលកន្លងមក ក្រុមការងារខេត្តអានហ្សាង បានចុះរុករកនៅខេត្តចំនួន៦ រួមមាន ខេត្តព្រះសីហនុ កំពត កែប កោះកុង តាកែវ និងកំពង់ស្ពឺ ហើយប្រមូលបានអដ្ឋិធាតុសរុប ៤,៤១៤អដ្ឋិធាតុ។ ក្នុងនោះ នៅខេត្តព្រះសីហនុ រកឃើញ និងប្រមូលបានចំនួន ២០៨ អដ្ឋិធាតុ។
លោក ឯម ភាព អភិបាលរងខេត្ត បានបញ្ជាក់ពីការគាំទ្រ និងសម្របសម្រួលដល់ក្រុមការងារ K92 ក្នុងការបំពេញបេសកកម្ម ខណៈបញ្ហាប្រឈមសំខាន់ៗរួមមាន ការប្រែប្រួលភូមិសាស្ត្រ និងការបាត់បង់ប្រភពព័ត៌មានពីសាក្សីប្រវត្តិសាស្ត្រ។ អាជ្ញាធរមូលដ្ឋានត្រូវបានជំរុញឱ្យបន្តស្រាវជ្រាវ និងផ្តល់ព័ត៌មានពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការរុករក។
ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការឱ្យបានសកម្មក្នុងរដូវប្រាំងខាងមុខ ដើម្បីស្វែងរកអដ្ឋិធាតុដែលនៅសេសសល់ឱ្យបានអស់លទ្ធភាព ព្រមទាំងរួមចំណែកពង្រឹងមិត្តភាព និងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ៕
ដោយ៖ ប៉ៃ សុឃីម













