អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះប្រតិកម្មរបស់ប្រធានព្រឹទ្ធសភាថៃ ជុំវិញប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពិធីបើកសន្និសីទប្រធានសភាអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រសាសន៍របស់សម្តេចតេជោ គឺជាការបកស្រាយអំពីស្ថានការណ៍ដែលកម្ពុជាអះអាងថាបានកើតឡើងពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ជុំវិញការលើកឡើងពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ កម្ពុជាបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គឺជាកិច្ចការចាំបាច់ ប៉ុន្តែមិនអាចយកបញ្ហានេះធ្វើជាហេតុផលសម្រាប់រំលងគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងការហាមឃាត់ការប្រើប្រាស់កម្លាំងបានឡើយ។
ចំពោះការអះអាងអំពីការវាយប្រហារលើសំណង់ស៊ីវិល អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការកំណត់ថាទីតាំងណាមួយជាគោលដៅយោធា ឬជាវត្ថុស៊ីវិល គួរតែផ្អែកលើអង្គហេតុដែលអាចផ្ទៀងផ្ទាត់បាន និងស្របតាមគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិ។
កម្ពុជាក៏បានព្រមានពីហានិភ័យនៃ «យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» (Salami-slicing strategy) ដែលសំដៅលើការផ្លាស់ប្តូរស្ថានភាពនៅលើដីជាបន្តបន្ទាប់ និងបន្តិចម្តងៗ រហូតអាចបង្កើតជាស្ថានភាពថ្មីជាក់ស្តែង ឬ fait accompli។
ជុំវិញការអះអាងរបស់ប្រធានព្រឹទ្ធសភាថៃថា កម្ពុជាជាអ្នកបាញ់មុន និងថាសកម្មភាពរបស់ថៃស្ថិតក្នុងក្របខណ្ឌសិទ្ធិស្វ័យការពារ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានចាត់ទុកថា ជាការអះអាងរបស់ភាគីថៃតែម្ខាង ហើយបានបញ្ជាក់ថា ភាគីជម្លោះមិនអាចធ្វើជាអ្នកអះអាង និងជាអ្នកវិនិច្ឆ័យលើការអះអាងរបស់ខ្លួនឯងក្នុងពេលតែមួយបានទេ។
កម្ពុជាក៏បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនអាចត្រូវបានបកស្រាយថា ជាការទទួលស្គាល់អធិបតេយ្យភាព ឬបង្កើតសិទ្ធិថ្មីលើដែនដីតាមរយៈវត្តមាន ឬការគ្រប់គ្រងដោយយោធាបានឡើយ។
ចំពោះការលើកឡើងថា ជម្លោះនេះមិនគួរត្រូវបានធ្វើអន្តរជាតូបនីយកម្ម កម្ពុជាបានបញ្ជាក់ថា ខ្លួនមិនមានបំណងធ្វើឱ្យវិវាទទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិឡើយ។ កម្ពុជាយល់ថា ការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ គឺជាផលវិបាកនៃស្ថានភាពជាក់ស្តែង ហើយដំណោះស្រាយដែលមានប្រសិទ្ធភាព គឺការគោរពអធិបតេយ្យភាព បញ្ឈប់សកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពនៅលើដី និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ។
ជាចុងក្រោយ កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈយន្តការផ្លូវច្បាប់ ការទូត និងយន្តការតំបន់ ឬអន្តរជាតិដែលសមស្រប ដោយផ្អែកលើការគោរពច្បាប់ ភាពស្មោះត្រង់ និងការកសាងទំនុកចិត្តទៅវិញទៅមក ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ដោយ៖ ពេញ សុភ័ក្រ្ត



