跳至正文
西哈努克省电视台 · 官方网站
登录

ខែសីហា! ACU បានដំណើរការពិនិត្យសម្រេចលើពាក្យប្ដឹងសរុប៣៣ និងបានបញ្ជូនសំណុំរឿង«ថូ សំណាង»ទៅតុលាការ

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែសីហានេះ សរុបចំនួន៣៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងមួយករណី ទៅសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹងរបស់ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អ.ប.ព. បានបញ្ជូនសំណុំរឿង និងជនសង្ស័យ ៣នាក់ រួមមាន៖(១) ឈ្មោះ ថូ សំណាង ភេទ ប្រុស មុខរបរ ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈជាអគ្គនាយក ដែលជាប់សង្ស័យក្នុងអំពើបំផ្លាញដោយចេតនា និងគែបំបាត់ ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ និងជនសង្ស័យ២នាក់ ទៀតរួមមាន៖ (១)-ឈ្មោះ ណុប រដ្ឋា ភេទ ប្រុស មុខរបរ អនុប្រធានការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នាយកដ្ឋានកិច្ចការកុងស៊ុល និង (២)-ឈ្មោះ យស់ រ៉ាណេ ភេទ ប្រុស មុខរបរអតីតមន្ត្រីកិច្ចសន្យា នៃនាយកដ្ឋានកិច្ចការកុងស៊ុល ដែលជាប់សង្ស័យក្នុងអំពើសមគំនិត បំផ្លាញដោយចេតនា និងគែបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់។ ក្នុងសំណុំរឿងនេះ អ.ប.ព. បានរកឃើញថា ឈ្មោះ ថូ សំណាង បានលួចយកសន្លឹកទិដ្ឋាការ ប្រភេទ C និង Cex ជាង៦ ០០០សន្លឹកប្រើប្រាស់ ដោយខុសច្បាប់ ហើយជាង ៤០០០សន្លឹកទៀត ខ្លួនបានបំផ្លាញចោល។

អ.ប.ព. ក៏បានរកឃើញថា សន្លឹកទិដ្ឋាការ ដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយជនបរទេស ដែលជាពួក Online Scams ។ អំពើល្មើសនេះ ត្រូវបានប្រព្រឹត្ត និងសមគំនិតប្រព្រឹត្តដោយជនសង្ស័យ ទាំង ៣ នាក់ខាងលើ៕

ដោយ៖ ធី លីថូ

评论

正在加载评论…