跳至正文
西哈努克省电视台 · 官方网站
登录

យុវជន ៨ស្ថាប័ន ប្រជែងសមត្ថភាពជជែកដេញដោល លើវិស័យពាណិជ្ជកម្មឌីជីថល

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ យុវជនមកពីគ្រឹះស្ថានសិក្សាចំនួន ៨ បានចូលរួមប្រកួតប្រជែងសមត្ថភាពក្នុងកម្មវិធីជជែកដេញដោលយុវជន វគ្គជម្រុះ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ចំណេះដឹង ការគិតវិភាគ និងការបង្ហាញមតិរបស់យុវជនពាក់ព័ន្ធនឹងពាណិជ្ជកម្មឌីជីថល។ កម្មវិធីនេះត្រូវបានបើកនាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាកម្មវិធីអមនៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ដែលគ្រោងធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្មវិធីជជែកដេញដោលយុវជន គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ជំរុញការចូលរួមរបស់យុវជនក្នុងកិច្ចសន្ទនាសង្គម និងបង្កើនការយល់ដឹងអំពីពាណិជ្ជកម្មឌីជីថល ព្រមទាំងអភិវឌ្ឍសមត្ថភាពគិតវិភាគ ការបង្ហាញទស្សនៈ និងការបំផុសគំនិតថ្មីៗ។ ការប្រកួតមាន ៤វគ្គ គឺការបង្ហាញជំហរគាំទ្រ ឬបដិសេធប្រធានបទ ការលើកមូលហេតុ ឯកសារយោង និងឧទាហរណ៍គាំទ្រជំហរ ការវាយបកចំពោះទឡ្ហីករណ៍របស់គូប្រកួត និងការសរុបបញ្ជាក់ជំហរចុងក្រោយ។ វគ្គនីមួយៗមានរយៈពេល ៤នាទី និងពេល ២នាទីសម្រាប់ពិភាក្សារៀបចំគំនិត ខណៈសមាជិកម្នាក់ដែលបាននិយាយក្នុងវគ្គមួយ មិនអាចបន្តនិយាយក្នុងវគ្គបន្ទាប់បានឡើយ ហើយអ្នកចូលរួមក៏មិនអាចប្រើឧបករណ៍អេឡិចត្រូនិកក្នុងពេលប្រកួតបានដែរ។

គ្រឹះស្ថានសិក្សាទាំង ៨ ដែលបានបញ្ជូននិស្សិតចូលរួម រួមមាន សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វិទ្យាស្ថានខេមអេដ និងសាកលវិទ្យាល័យខេមតិច។ ចំណែកគណៈកម្មការផ្តល់ពិន្ទុ សុទ្ធសឹងជាអ្នកជំនាញដែលមានបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្តែងជាច្រើនឆ្នាំ ហើយក្រុមដែលទទួលបានការគាំទ្រយ៉ាងហោចណាស់ ៣នាក់ ក្នុងចំណោមគណៈកម្មការផ្តល់ពិន្ទុ ៥នាក់ នឹងអាចបន្តទៅវគ្គបន្ទាប់។ ដោយ៖ សុភ័ក្រ្ត 

评论

正在加载评论…