វរសេនីយ៍ត្រី ស៊ិន រ៉ាយូ អត្តលេខ ៨១៧៦៩ ដែលមានមុខតំណែងជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ ដោយដកហូតមុខតំណែង និងឋានន្តរសក្តិ ព្រមទាំងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ដោយមូលហេតុពាក់ព័ន្ធនឹងការល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែល KPS99TV ទទួលបាននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បញ្ជាក់ថា ការដាក់វិន័យនេះក៏រួមមានការកាត់ផ្តាច់ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ព្រមទាំងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។
ជាមួយគ្នានេះ អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តសេចក្តីប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ដោយ៖ សុភ័ក្រ្ត









