ឥទ្ធិពលនៃព្យុះទី២៤ ឈ្មោះ «ក្រវាន់» (Krovanh) និងព្យុះទី១៨ ឈ្មោះ «សូដេល» (Saudel) កំពុងបន្តជះមកលើប្រទេសកម្ពុជា ទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងពីរក៏ដោយ។
ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជាមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៦°C អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣៥°C ប្រឈមនឹងភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្ពស់ជាងគេ រហូតដល់ ៤០% នៃផ្ទៃដី។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៤°C អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដី ៣០% ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ខ្ពង់រាប និងបងប្អូនអ្នកនេសាទ ឬអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងរលកខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងជាយថាហេតុ៕ដោយ៖ ប៉ៃ សុឃីម








