跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងទេសចរណ៍-គណៈមេធាវី បន្តចាប់ដៃគ្នាពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារផលប្រយោជន៍ភ្ញៀវទេសចរ

历史原文 · 暂无当前语言译文

ក្រសួងទេសចរណ៍ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពង្រឹងកិច្ចសហការលើការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍ តាមរយៈការចុះ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈថ្មីនេះមានសុពលភាពរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយជាការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បន្ទាប់ពីអនុស្សរណៈលើកទី១ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងគាំទ្រដល់ការងាររបស់ក្រសួងទេសចរណ៍។ តាមរយៈអនុស្សរណៈថ្មីនេះ គណៈមេធាវីនឹងបន្តផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ជួយសម្របសម្រួល និងដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងចូលរួមសិក្សា និងផ្តល់អនុសាសន៍លើបញ្ហានានាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ក្នុងវិស័យនេះ ដើម្បីរួមចំណែកកែលម្អក្របខណ្ឌគតិយុត្ត និងការពារផលប្រយោជន៍ភ្ញៀវទេសចរនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គណៈមេធាវីនឹងចូលរួមជួយរៀបចំសេចក្តីព្រាងច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងសិក្សាពីភាពខ្វះចន្លោះនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានា។ ក្រៅពីនេះ ក៏នឹងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាក្នុងចំណោមមេធាវី និងសាធារណជន តាមរយៈសិក្ខាសាលា និងព្រឹត្តិការណ៍នានា ដើម្បីជំរុញការយល់ដឹង និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍កម្ពុជា។
ដោយ៖ សុភ័ក្រ្ត

评论

正在加载评论…