(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ បានចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យនៅត្រង់ចំណុចចំណោតតាផលលើភ្នំ ក្រុងព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ និងប្រជាការពារក្រុងព្រះសីហនុ ចុះអប់រំណែនាំអ្នកលក់ដូរដែលយកយានយន្តមកចតលក់ទំនិញនៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។
ទីតាំងខាងលើ ស្ថិតនៅលើផ្លូវលេខ៨០១ ត្រង់ចំណុចចំណោតតាផលលើភ្នំ ក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលការលក់ដូរ និងការចតយានយន្តលើផ្លូវបានបង្កឱ្យមានភាពអាណាធិបតេយ្យ និងកកស្ទះចរាចរណ៍ជាញឹកញាប់។ ដើម្បីដោះស្រាយបញ្ហានេះ កម្លាំងសមត្ថកិច្ចបានណែនាំឱ្យអ្នកលក់ដូរបញ្ឈប់ការលក់ដូរនៅលើដងផ្លូវ និងមិនត្រូវចតឈប់យានយន្តលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីធានាឱ្យការធ្វើចរាចរណ៍ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ មានគោលបំណងរក្សារបៀបរៀបរយ និងសុវត្ថិភាពចរាចរណ៍ ជៀសវាងការកកស្ទះ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ជាមួយគ្នានេះ វិធានការនេះក៏រួមចំណែកលើកកម្ពស់អនាម័យ និងសោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុ ឱ្យកាន់តែមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ស្រស់ស្អាត និងមានអនាម័យល្អ៕ ដោយ៖ សុភ័ក្រ្ត
















