ឯកឧត្តម វង សូត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបប ប៉ុល ពត តំបន់ព្រៃតាទក ហៅថា គណៈកម្មការ ៥៧៨ ដើម្បីពិនិត្យ និងជំរុញការងារពាក់ព័ន្ធនឹងគម្រោងនេះ។
គណៈកម្មការ ៥៧៨ ត្រូវបានបង្កើតឡើងក្នុងគោលបំណងរៀបចំការសាងសង់ស្តូបអនុស្សាវរីយ៍ ដើម្បីរំលឹកដល់ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍របស់ប្រជាជនភូមិភាគបូព៌ា ដែលបានផ្តើមឡើងតាមរយៈការរត់ចូលព្រៃតាទក និងការកសាងកម្លាំងតស៊ូ ក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧៨ ដល់ខែមករា ឆ្នាំ១៩៧៩។
ស្តូបអនុស្សាវរីយ៍នេះ នឹងសាងសង់នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានគោលបំណងបង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រ និងរំលឹកដល់វីរភាព ស្នាដៃ ព្រមទាំងភាពអង់អាចរបស់ប្រជាជន និងថ្នាក់ដឹកនាំក្នុងដំណើរការតស៊ូ និងស្វែងរកសន្តិភាព។ ស្តូបនេះក៏នឹងក្លាយជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់បន្សល់ទុកដល់អ្នកជំនាន់ក្រោយផងដែរ។អត្ថបទដោយ៖ សុភ័ក្រ្ត





















