跳至正文
西哈努克省电视台 · 官方网站
登录

ពីនិទ្ទេស B ដល់ Oxford! យុវជនខ្មែរ សុខ ទីហ៊ុយ បោះជំហានថ្មីលើវិថីសិក្សា

历史原文 · 暂无当前语言译文

យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស ដែលជាសាកលវិទ្យាល័យល្បីល្បាញ និងមានកិត្យានុភាពមួយលើពិភពលោក។ ទីហ៊ុយ បានបញ្ចប់មធ្យមសិក្សាទុតិយភូមិដោយនិទ្ទេស B ក្នុងឆ្នាំ២០២១ មុនបន្តថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងការគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យ Queen Mary ក្នុងទីក្រុងឡុងដ៍។ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ លោកបានដាក់ពាក្យទៅសាកលវិទ្យាល័យ Oxford និងទទួលបានជោគជ័យ ដោយផ្អែកលើលទ្ធផលសិក្សា បទពិសោធន៍ការងារ និងគោលបំណងសិក្សាដែលបានដាក់ជូនសាលា។

នៅសាកលវិទ្យាល័យ Oxford សុខ ទីហ៊ុយ នឹងសិក្សានៅមហាវិទ្យាល័យ St Antony ដោយផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្ម ឧស្សាហកម្ម និងការគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា។ លោកបានចាត់ទុកឱកាសនេះថាជាបទពិសោធន៍ដ៏វិសេសវិសាលសម្រាប់ក្រេបជញ្ជក់ចំណេះដឹង និងយកមករួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចកម្ពុជា។ លោកនឹងចាកចេញពីកម្ពុជាឆ្ពោះទៅចក្រភពអង់គ្លេសក្នុងពេលឆាប់ៗខាងមុខ ដើម្បីចាប់ផ្តើមការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយនេះ។

ក្រៅពីការសិក្សា ទីហ៊ុយ ក៏មានបទពិសោធន៍ការងារ និងកម្មសិក្សាជាច្រើនចាប់តាំងពីឆ្នាំ២០២២ ដោយបានបំពេញការងារនៅវិទ្យាស្ថាន Chatham House ក្នុងតួនាទីជាទូតនិស្សិត ទូតនិស្សិតជាន់ខ្ពស់ និងអ្នកស្រាវជ្រាវគោលនយោបាយ ព្រមទាំងបំពេញកម្មសិក្សានៅស្ថានទូតកម្ពុជាប្រចាំទីក្រុងឡុងដ៍ ខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងខុទ្ទកាល័យអតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សអភិរក្សអង់គ្លេស លោក Rishi Sunak។ ក្នុងឆ្នាំ២០២៥ លោកក៏ទទួលបានការចាប់អារម្មណ៍ពីការសួរសំណួរពាក់ព័ន្ធនឹងទំនាក់ទំនងអាស៊ាន និងសហរដ្ឋអាមេរិក ទៅកាន់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង ហើយក្រោយបំពេញបេសកកម្មនៅគណបក្សអភិរក្សអង់គ្លេសដោយជោគជ័យ លោក Rishi Sunak និងលោក Richard Fuller បានផ្តល់លិខិតថ្លែងអំណរគុណ និងវិញ្ញាបនបត្រសរសើរដល់រូបលោក។ដោយ៖ សុភ័ក្រ្ត

评论

正在加载评论…