កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានប្រកាសអញ្ជើញក្រុមហ៊ុន និងអ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូលរួមដេញថ្លៃសម្រាប់ការសាងសង់ និងបញ្ចប់គម្រោងពង្រីកស្ថានីយកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (Sihanoukville Port New Container Terminal Expansion Project (1)) កញ្ចប់ទី៤ ស្តីពីការងារសំណង់សម្រាប់ NCT 3។ គម្រោងនេះទទួលបានហិរញ្ញប្បទានកម្ចីពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។
តាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ការដេញថ្លៃនឹងអនុវត្តតាមគោលការណ៍លទ្ធកម្មក្រោមកម្ចី ODA របស់ប្រទេសជប៉ុន និងបើកចំហសម្រាប់អ្នកដេញថ្លៃមកពីប្រទេសដែលមានសិទ្ធិ ដោយយោងតាមឯកសារដេញថ្លៃ។ អ្នកចូលរួមអាចទិញឯកសារដេញថ្លៃក្នុងតម្លៃមិនអាចដកវិញបាន ២,០០០ដុល្លារអាម៉េរិក ខណៈសំណើដេញថ្លៃត្រូវដាក់ជូនមុនម៉ោង ២រសៀល ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២៦ និងត្រូវភ្ជាប់ជាមួយលិខិតធានាដេញថ្លៃចំនួន ៤,៥០០,០០០ដុល្លារអាម៉េរិក។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ជាក់ថា អ្នកចាប់អារម្មណ៍អាចស្នើសុំព័ត៌មានបន្ថែម និងពិនិត្យឯកសារដេញថ្លៃក្នុងម៉ោងធ្វើការ តាមអាសយដ្ឋានរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងពង្រីកស្ថានីយកុងតឺន័រថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការនីតិវិធីដេញថ្លៃ ដើម្បីជ្រើសរើសអ្នកម៉ៅការសម្រាប់អនុវត្តការងារសំណង់ក្នុងកញ្ចប់ទី៤ ដែលជាផ្នែកមួយនៃគម្រោងពង្រីកសមត្ថភាពកំពង់ផែសំខាន់របស់កម្ពុជា។
ដោយ៖ សុភ័ក្រ្ត










