កម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងសហការជាមួយរដ្ឋបាលក្រុងបាវិត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលចំហលើសណ្ឋាគារ «ណូបែល» (Nobel Bavet Hotel) ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានរកឃើញ និងដកហូតវត្ថុតាងសំខាន់ៗរួមមាន បន្ទប់លេខ ១១០៥ (ជាន់ទី១) រកឃើញម្សៅពណ៌ផ្កាឈូកសង្ស័យជាគ្រឿងញៀន ១កញ្ចប់ ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន (ប្រគល់ជូនផ្នែកជំនាញគ្រឿងញៀនចាត់ការ)។
បន្ទប់លេខ ២២២០ (ជាន់ទី២) ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ (ស្រី ១នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមជាមួយកុំព្យូទ័រយួរដៃ ៤គ្រឿង ទូរសព្ទដៃ ១១គ្រឿង និងកាំភ្លើងខ្លីម៉ាក K59 ចំនួន ១ដើម។
បច្ចុប្បន្ន សមត្ថកិច្ចបានសម្រេចបិទសៀលបន្ទប់កើតហេតុជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យឈ្មោះ Nguyen Van Khuyen ដែលជាម្ចាស់អាវុធខ្លី ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាវិត រីឯបក្ខពួក ៥នាក់ទៀត ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ប៉ៃ សុឃីម















